(កូឡុំបូ)៖ មេបញ្ជាការប៉ូលិសប្រទេសស្រីលង្កា លោក Pujith Jayasundara បានលាលែងពីតំណែងហើយ ដោយសារការអសមត្ថភាព ដែលបណ្តាឲ្យឈានដល់មានការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីថ្ងៃបុណ្យគ្រិស្ត Easter។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានឲ្យដឹងថា លោក Jayasundara បានដាក់ពាក្យលាលែងពីមុខតំណែងរបស់ខ្លួនហើយ ខណៈឆាប់ៗនេះលោកនឹងជ្រើសតាំងមេបញ្ជាការប៉ូលិសថ្មី។ សម្រាប់បុគ្គលនឹងត្រូវជ្រើសតាំងដោយលោក Sirisena ចាំបាច់ត្រូវទទួលបានការឯកភាពពីក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសស្រីលង្កា។ ប៉ុន្មានថ្ងៃមុននេះ មានសេចក្តីរាយការណ៍ថា លោក Sirisena បានបង្គាប់ឲ្យលោក Jayasundara និងរដ្ឋលេខាធិការក្រសួងការពារជាតិស្រីលង្កាលាលែងពីតួនាទីរបស់ខ្លួន ព្រោះតែបានបរាជ័យក្នុងការចាត់វិធានការទប់ស្កាត់អំពើភេរវកម្ម។
គួរជម្រាបថា ដំណឹងនៃការលាលែងពីតួនាទីនេះបានកើតមានឡើង បន្ទាប់ពីរដ្ឋលេខាធិការនៃក្រសួងការពារជាតិស្រីលង្កា លោក Hamasiri Fernando បានសម្រេចចុះចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយសារតែមូលហេតុដូចគ្នា៕