(ម៉ូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងរថភ្លើងត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញហើយ ក្រោយការបើកកិច្ចប្រជុំកំពូលជាលើកដំបូងជាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុង Vladivostok ដោយនាឱកាសនោះ បានជជែកពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរនិងការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ ព្រមការរឹតចំណងទ្វេភាគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុង Vladivostok នៅតំបន់រុស្ស៊ីចុងបូព៌ា ក្រោយពីបានចូលរួមពិធីលាគ្នាមួយ ដែលចាប់ផ្តើមកាលពីម៉ោង០៣៖០០នាទីរសៀលថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់) ក្រោមការជូនដំណើរពីសំណាក់រដ្ឋមន្រ្តីអភិវឌ្ឍន៍តំបន់រុស្ស៊ីចុងបូព៌ា លោក Alexander Kozlov ដែលក្នុងអំឡុងពេល០៣ថ្ងៃនេះ បានដើរតួនាទីជាអ្នកទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក គីម។
គួរជម្រាបថា បើពុំមានឈប់នៅកន្លែងណាមួយក្នុងប្រទេសកូរ៉េខាងជើងទេនោះ រថភ្លើងរបស់លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថានឹងត្រឡប់ទៅដល់រដ្ឋធានីព្យុងយ៉ាងវិញ នៅថ្ងៃសៅរ៍ស្អែកនេះ៕