(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសុក្រនេះ បានឱ្យអំពាវនាវឱ្យមានការផ្ដល់បរិយាកាសប្រកបដោយ «យុត្តិធម៌ និងមិត្តភាព» សម្រាប់បណ្ដាក្រុមហ៊ុនចិន និងជនជាតិចិនទាំងអស់ ដែលកំពុងរស់នៅតាមប្រទេសដទៃនៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា «វិធានការជាច្រើនរបស់ចិន ដើម្បីពង្រីកការបើកចំហគឺជាជម្រើសឯករាជ្យ... ហើយ យើងក៏សង្ឃឹមដែរថា បណ្ដាប្រទេសដទៃនៅក្នុងពិភពលោក នឹងបង្កើតបរិយាកាសវិនិយោគដ៏ល្អ ក៏ដូចជាផ្ដល់បរិយាកាសប្រកបដោយភាពយុត្តិធម៌ និងមិត្តភាពសម្រាប់ក្រុមហ៊ុន និងប្រជាជនចិនទាំងអស់»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ី ជិនពីង ធ្វើឡើងនៅចំពោះមុខមេដឹកនាំបណ្តាប្រទេសនានាចំនួន ៣៧រូប នៅឯកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី ២ កំពុងប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង សម្រាប់រយៈពេល ០៣ថ្ងៃ ដែលមានភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសចំនួន ១៥០ និងអង្គការអន្តរជាតិ ៩០ សរុបប្រមាណ ៥,០០០នាក់ចូលរួម៕