(ការ៉ាកាស់)៖ មេដឹកនាំក្រុមប្រឆាំងមួយរូប ដែលតុលាការវេណេស៊ុយអេឡា ទើបចេញបញ្ជាឲ្យចាប់ខ្លួនគឺលោក លីអូផូលដូ ឡូប៉េស (Leopoldo Lopez) បានប្រកាសថា នឹងមានចលនាជាបន្តបន្ទាប់ទៀតពីកម្លាំងយោធាទូទាំង ប្រទេសវេណេស៊ុយអេឡា ក្រោយការបះបោរពីក្រុមកងទ័ពមួយក្តាប់តូចត្រូវបានបង្រ្កាប ដោយកងកម្លាំងភាគច្រើនដែលស្មោះស្ម័គ្រនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
លោក Lopez ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានទូតអេស៉្បាញ ប្រចាំរដ្ឋធានីការ៉ាកាស់ ក្រោយត្រូវបានរំដោះឲ្យមានសេរីភាពដោយក្រុមប្រឆាំង ពីការឃុំឃាំងនៅក្នុងផ្ទះ កាលពីប៉ុន្មានថ្ងៃមុនបានឲ្យដឹងថា អំឡុងពេលដែលលោកត្រូវជាប់ឃុំឃាំងនៅក្នុងផ្ទះ លោកធ្លាប់បានជួបពិភាក្សាជាមួយបណ្តាមេបញ្ជាការ និងមេទ័ពក្នុងជួរយោធាវេណេស៊ុយអេឡា ហើយលោកបានព្រមានថា ការបះបោរជាបន្តបន្ទាប់ទៀត ពីកងកម្លាំងយោធា ដូចអ្វីដែលបានកើតឡើងថ្មីៗនេះ នឹងមានទៀតមិនទាន់អស់ឡើយ។
គួរជម្រាបថា ស្របពេលជាមួយគ្នា តុលាការវេណេស៊ុយអេឡាក៏បានបង្គាប់ឲ្យចាប់ខ្លួន លោក Lopez វិញផងដែរ បន្ទាប់ពីលោកបានចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរំលោភសេចក្តីសម្រេចរបស់តុលាការ ដែលបានឃុំខ្លួនរូបលោកនៅក្នុងផ្ទះកាលពីឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងការដឹកនាំបាតុកម្មតវ៉ាដ៏ហិង្សាកាលពីឆ្នាំ២០១៤ ដែលបណ្តាលឲ្យមនុស្សច្រើនជាង ៤០នាក់បាត់បង់ជីវិត។
កាលពីថ្ងៃអង្គារកន្លងទៅ លោក Leopoldo Lopez បានបង្ហាញខ្លួននៅឯមូលដ្ឋានទ័ពអាកាសមួយ នៃភាគខាងកើតទីក្រុងការ៉ាកាស់ ជាមួយមេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ដែលបានប្រកាសពីការអនុវត្តផែនការធ្វើរដ្ឋប្រហារ ដើម្បីបណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចជាមួយការអំពាវនាវឱ្យប្រជាជន និងយោធាទាំងអស់ ចូលរួមជាមួយនឹងលោក៕