(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងបញ្ជូនកងកម្លាំង នាវាផ្ទុកយន្ដហោះចម្បាំង និងកងអង្គភាពយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់តំបន់មជ្ឈិមបូព៌ា ជាសារមួយផ្ញើជូនអ៊ីរ៉ង់ថារាល់ ការវាយប្រហារលើផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាមេរិកនឹងត្រូវជួបផលវិបាកនឹកស្មានមិនដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
លោក John Bolton ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅ អាមេរិក) ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងបញ្ជូនកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងកងអង្គភាពយន្ដហោះទម្លាក់គ្រាប់បែកមកពីទីបញ្ជាការកណ្ដាលអាមេរិក ទៅក្បែរប្រទេសអ៊ីរ៉ង់ ដើម្បីការពារផល ប្រយោជន៍អាមេរិក និងសម្ព័ន្ធមិត្តពីការវាយប្រហារជាយថាហេតុណាមួយពីអ៊ីរ៉ង់។
តែយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកមិនមែនកំពុងចង់ធ្វើ សង្រ្គាមជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបដោយកម្លាំងយោធា បើសិនជាទីក្រុងតេហេរ៉ង់ បើកការវាយប្រហារលើសម្ព័ន្ធមិត្ត ឬបំផ្លាញផលប្រយោជន៍អាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងជួបភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវកម្ម ព្រមទាំងព្រមានបិទខ្ទប់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដែលបានអះអាង ជាច្រើនលើកថានឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ដើម្បីការពារជាតិ និងផលប្រយោជន៍របស់ខ្លួន ប្រឈមមុខនឹងមុខ នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក៕