(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានកំណត់ថា នឹងបញ្ជូនសំរាមដែលកាណាដា ដឹកយកមកចោលនៅប្រទេសហ្វីលីពីន កាលពីកំឡុងប៉ុន្មានឆ្នាំមុន ត្រឡប់ទៅប្រទេសកាណាដាវិញ ឲ្យបាននៅត្រឹមថ្ងៃទី១៥ ខែឧសភានេះ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញ ពី សារព័ត៌មាន Fox News នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។
សំរាមជាច្រើនកុងទ័រណឺរួមមានសំបកដបប្លាស្ទិក ថង់ កាសែត និងកន្ទបអនាម័យ ត្រូវគេរាយការណ៍ថា ធ្លាប់បានដឹកជញ្ជូនតាមកបាល់ពីប្រទេសកាណាដា នាំយកមកប្លុងចោលទាំងគំនរៗនៅប្រទេសហ្វីលីពីន កាលពីចន្លោះឆ្នាំ២០១៣ និងឆ្នាំ២០១៤។ បើតាមរដ្ឋាភិបាលហ្វីលីពីន កាណាដាក៏បាន យល់ព្រមទទួលយកសំរាមរបស់ពួកគេដែរ និងចេញថ្លៃរ៉ាប់រងទាំងអស់សម្រាប់ការចំណាយ ដឹកញ្ជូនយកទៅត្រឡប់ទៅវិញ។ ប៉ុន្តែអាជ្ញាធរកាណាដាបានបញ្ជាក់ថា វាអាចនឹងចំណាយពេលរាប់សប្តាហ៍ ដើម្បីរៀបចំកិច្ចការចាំបាច់ផ្សេងៗសម្រាប់រឿងនេះ ដែលទំនងជានឹងធ្វើឲ្យខ្លួន មិនអាចបំពេញតាមកាលកំណត់របស់ហ្វីលីពីនបាន។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីន បានព្រមានប្រកាសសង្រ្គាមជាមួយកាណាដាថែមទៀតផង ដោយសារតែបញ្ហាសំរាមនេះ៕