(បាងកក)៖ ទូរទស្សន៍ថៃចំនួន ០៧ប៉ុស្តិ៍ ដែលជាប្រភេទទូរទស្សន៍ Digital បានដាក់លិខិត ទៅកាន់រដ្ឋាភិបាល ដើម្បីស្នើសុំបិទទ្វារតែម្តង ព្រោះតែពាណិជ្ជកម្មរបស់ពួកគេដាំក្បាលចុះ និងមិនអាចប្រកួតប្រជែងបន្តទៀតបាន នៅក្នុងពិភពនៃប្រព័ន្ធផ្សព្វផ្សាយប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ Bangkok Post នាយប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

ទូរទស្សន៍ទាំង ០៧ ដែលបានស្នើសុំបិទទ្វារ និងប្រគល់អាជ្ញាប័ណ្ណទៅឲ្យរដ្ឋាភិបាលថៃវិញនេះ គឺមានដូចជា Channel 3 Family 1, Channel 3 SD 28, Spring News 19, Spring 26 (formerly Now 26), MCOT 14, Voice TV 21 និង Bright TV 20។ ការបិទទ្វារខាងលើនេះ គឺនឹងធ្វើឲ្យប្រទេសថៃនៅសល់ ទូរទស្សន៍ ដែលធ្វើការផ្សាយតាមប្រព័ន្ធ Digital តែ ១៥ប៉ុស្តិ៍ប៉ុណ្ណោះ។ ទូរទស្សន៍ទាំង ០៧ ខាងលើនេះ ក៏នឹងទទួលប្រាក់សំណងពី គណៈកម្មការទូរគមនាគមន៍ និងផ្សព្វផ្សាយជាតិថៃ (NBTC) ផងដែរ ដែលអាចខ្ទង់រាប់ពាន់លានបាត ដូចច្បាប់បានកំណត់។

គួរបញ្ជាក់ថា ក្នុងចំណោមទូរទស្សន៍ទាំង ០៧ ខាងលើនេះ ០៦បានបញ្ជូនលិខិតស្នើសុំរួមគ្នា កាលពីថ្ងៃសុក្រសប្តាហ៍នេះទៅកាន់ NBTC រួចរាល់ហើយ។ មន្ត្រីរបស់ NBTC បានបង្ហើបថា ពាណិជ្ជកម្មរបស់ទូរទស្សន៍ Digital នៅក្នុងប្រទេសថៃបាន និងកំពុងជួបការប្រកួតប្រជែងខ្លាំងបំផុត ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ទំនើបៗ ឬក៏បណ្តាញសង្គមជាដើម ហើយយ៉ាងហោចណាស់ទូរទស្សន៍មួយចំនួន បានខាតបង់រហូតដល់ ១០ពាន់លានបាត ឬជិត ៣២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕