(ប៉េកាំង)៖ នាវាចម្បាំងថ្មីចំនួន០២គ្រឿងប្រភេទ Type 052D ដែលមានបំពាក់មីស៊ីលប្រដេញ ត្រូវបានដាក់ឲ្យដំណើរការព្រមគ្នា នៅឯទីក្រុង Dalian ភាគឦសានប្រទេសចិន កាលពីថ្ងៃសុក្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។

នាវាចម្បាំងទាំងពីរគ្រឿងមានឈ្មោះថា Tangshan និង Suzhou គឺជានាវាចម្បាំងទី១៩និងទី២០ ដែលជាប្រភេទ Type 052D ។ នាវាចម្បាំងប្រភេទ Type 052D គឺជាប្រភេទនាវាពិឃាតធុនធំ មានទម្ងន់៧,៥០០តោន ដែលបានត្រូវបានដាក់ឲ្យប្រើប្រាស់លើក ដំបូងកាលពីខែមីនា ឆ្នាំ២០១៤។ នាវាចម្បាំងប្រភេទនេះ មានបំពាក់ប្រព័ន្ធរ៉ាដាយ៉ាងទំនើប រួមជាមួយប្រព័ន្ធកាំភ្លើងក៏ដូចជា ប្រព័ន្ធមីស៊ីល ដែលអាចបំពាក់មីស៊ីលបាញ់ឆ្ពោះទៅរកគោលដៅនៅផ្ទៃអាកាស មីស៊ីលប្រឆាំងនាវាលើផ្ទៃទឹក និងសូម្បីតែមីស៊ីល ប្រឆាំងនាវាមុជទឹក ហើយពួកវាក៏អាចផ្ទុកឧទ្ធម្ភាគចក្របានមួយគ្រឿងផងដែរ។

គួរជម្រាបថា ការដាក់ដំណើរការនាវាចម្បាំងថ្មីនេះ កើតមានឡើង ខណៈដែលតាំងពីដើមខែឧសភានេះមក កងទ័ពជើងទឹករបស់ អាមេរិក បានបញ្ជូននាវាចម្បាំងជាបន្តបន្ទាប់ឲ្យមកធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទរវាងប្រទេស មួយចំនួននៅជុំវិញតំបន់នេះ។ ទីក្រុងប៉េកាំងតែងតែបានចេញមុខថ្កោលទោសចំពោះសកម្មភាពបង្កហេតុនេះ ប៉ុន្តែអាមេរិកហាក់ នៅតែមិនខ្វល់៕