(ការ៉ាកាស់)៖ ក្រសួងទូរគមនាគមន៍វេណេស៊ុយអេឡាបានឱ្យដឹងថាយន្ដហោះដឹកជំនួយមួយគ្រឿងរបស់ចិនបានទៅ ដល់រដ្ឋធានីការ៉ាកាស់ ហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ស្របពេលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ កំពុងត្រូវការជំនួយជាបន្ទាន់ដើម្បីស្ដារប្រជាប្រិយភាពបន្តិចបន្តួចឡើងវិញពីប្រជាជនវេណេស៊ុយអេឡា។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងប្រាប់ CNN មន្ត្រីនៃក្រសួងទូរគមនាគមន៍វេណេស៊ុយអេឡា បានបញ្ជាក់ទៀតថាយន្ដហោះដឹកជំនួយខាងលើ មានផ្ទុកបរិក្ខាពេទ្យជាង២លានឈុត ក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងបរិក្ខាវះកាត់ផងដែរ។ ជំនួយទាំងនេះនឹងត្រូវ បានចែកចាយបន្តសម្រាប់បេសកកម្មផ្ដល់ជំនួយដល់ប្រជាជនវេណេស៊ុយអេឡាតាមរយៈទីភ្នាក់ងារបង្កើតឡើងដោយ រដ្ឋាភិបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

គួរជម្រាបថា សារព័ត៌មានចិន CGTN ក៏ធ្លាប់បានរាយការណ៍ដែរថាយន្ដហោះចិនមួយគ្រឿងផ្ទុកជំនួយជាថ្នាំពេទ្យ និងបរិក្ខាពេទ្យជាង៦០តោនបានចុះចតនៅឯរដ្ឋធានីការ៉ាកាស់ កាលពីខែមីនាកន្លងទៅ។ ម្យ៉ាងវិញទៀតនេះគឺជាការ ផ្ដល់ជំនួយគំាទ្រដំបូងបំផុតរបស់ទីក្រុងប៉េកាំងដល់វេណេស៊ុយអេឡា ដែលកំពុងជាប់ទណ្ឌកម្មអាមេរិក៕