(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានអ៊ីរ៉ង់ថានឹងត្រូវឈឺចាប់ជាទីបំផុត បើសិនជា ហ៊ានបំផ្លាញផលប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ និងចំពេលស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅកាន់តែខ្លាំងក្រោយនាវាដឹកប្រេង៤គ្រឿង នៅដែនសមុទ្រ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម រងខូចខាតយ៉ាងដំណុំដោយសារការវាយប្រហារដ៏អាថ៌កំបាំងកាលពីថ្ងៃអាទិត្យកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ត្រាំ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «យើងនឹងបានឃើញថានឹងមានកើតឡើងចំពោះ អ៊ីរ៉ង់...បើសិនជាពួកគេធ្វើអ្វីតាមទំនើងចិត្ត នោះវានឹងក្លាយជាកំហុសមួយដ៏អាក្រក់បំផុត ហើយពួកគេក៏នឹងត្រូវរងការ ឈឺចាប់ជាទីបំផុតនឹកស្មានមិនដល់ផងដែរ»

គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងពេលបច្ចុប្បន្ន ត្រូវបានអ្នកជំនាញមួយចំនួនមើលឃើញថា កំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងជម្លោះដ៏ធំបំផុតមួយ ខណៈភាគីទាំង២សុទ្ធតែអះអាងពីប្រើប្រាស់ គ្រប់មធ្យោបាយដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់៕