(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាលោកមានចំណាប់អារម្មណ៍ចំពោះលោក ដូណាល់ ត្រាំ ដែលចង់ស្ដារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីឡើងវិញ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិកបញ្ចប់ទៅដោយមិនបានបង្ហាញថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយ លោក ប៉ុមប៉េអូ កាលពីថ្ងៃអង្គារ នៅឯទីក្រុង Sochi។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ដូច្នេះថា៖ «ដូចដែលអ្នកបានដឹងហើយ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានជជែកពិភាក្សាតាមទូរស័ព្ទដ៏រីករាយជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ... ហើយខ្ញុំពិតជាមានចំណាប់អារម្មណ៍ចំពោះលោកដែលចង់ស្ដារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ឡើងវិញ ដើម្បីដោះស្រាយបញ្ហារួមគ្នា ដោយឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ ក៏បានយល់ស្របលើការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិកបានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ឱនឱ្យជាដាច់ខាត បើទីក្រុងម៉ូស្គូ លូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០៕