(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff បាននិយាយថាប្រេស៊ីលទំនងជានឹងមិន ចូលរួមធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីបណ្ដេញលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោកស្រី Rousseff ធ្វើឡើងនៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើ ប្រេស៊ីលអាចនឹងចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡាដែរឬទេ។ ឆ្លើយតបនឹងសំណួនេះ លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «រដ្ឋធម្មនុញ្ញរបស់យើងបានចែងយ៉ាងច្បាស់ពី គោលការណ៍មួយចំនួនដែលត្រូវតែគោរពតាម ជាពិសេសគឺការមិនលូកដៃ និងគោរពអធិបតេយ្យភាពនៃបណ្ដា ប្រទេសដទៃ...ដូច្នេះខ្ញុំជឿថាប្រេស៊ីលនឹងមិនចូលរួមធ្វើអន្តរាគមន៍នៅវេណេស៊ុយអេឡានោះទេ»។

គួរបញ្ជាក់ថា ប្រេស៊ីលក៏ស្ថិតនៅក្នុងចំណោមប្រទេសជាង៥០ ដែលប្រកាសគាំទ្រ លោក Juan Guaido ផងដែរ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី៕