(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តពន្យារពេលសាជាថ្មី នូវការអនុវត្តការដំឡើងពន្ធលើផលិតផល នាំចូលពីសហរដ្ឋអាមេរិកក្នុងរយៈពេល១ខែ ដោយសង្ឃឹមថាជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២អាចនឹងត្រូវ បានដោះស្រាយ នៅក្រោយការបោះឆ្នោតសកលបញ្ចប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។
សារព័ត៌មាន RT ផ្អែកលើសេចក្ដីជូនដំណឹងមួយរបស់ក្រសួងហិរញ្ញវត្ថុឥណ្ឌា បានបញ្ជាក់ទៀតថាការអនុវត្តការ ដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាមេរិកចំនួន២៩មុខ ក្នុងនោះរួមមានទាំងផ្លែ almonds និងផ្លែ walnuts ជាដើមនឹងមិនត្រូវបានធ្វើឡើងឡើយរហូតដល់ថ្ងៃទី១៦ ខែមិថុនា។ ពោលគឺរង់ចាំការបោះឆ្នោតសកល នៅក្នុងប្រទេសឥណ្ឌាបិទបញ្ចប់នៅថ្ងៃ២៣ ខែឧសភានេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងឥណ្ឌា បានចាប់ផ្ដើមប្រកាសពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ក្រោយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ២៥លើដែកថែប និង១០ភាគរយលើ អាលុយមីញ៉ូមកាលពីខែមិថុនា ឆ្នាំ២០១៨។ ប៉ុន្តែទីក្រុងញូដេលីបានផ្អាកការអនុវត្តការឡើងពន្ធជាការឆ្លើយតប នឹងសហរដ្ឋអាមេរិកជាបន្តបន្ទាប់៕