(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធនេះបានបង្គាប់ឱ្យបុគ្គលិកទូតមិនមានភារៈកិច្ចចាំបាច់ ទាំងអស់របស់ខ្លួនប្រចាំទីក្រុងបាកដាដ ចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ ខណៈភាពតានតឹងជាមួយអ៊ីរ៉ង់កំពុង ឡើងកម្ដៅកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួ ន ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖ « សេវាកម្មទិដ្ឋាការ ធម្មតាប្រចាំស្ថានទូតអាមេរិកក្នុងទីក្រុងបាដដាដ និងស្ថានកុងស៊ុលប្រចាំទីក្រុង Erbil នឹងត្រូវផ្អាកសកម្មភាព ជាបណ្ដោះអាសន្ន...រីឯរដ្ឋាភិបាលអាមេរិកនឹងកំណត់ពីលទ្ធភាពនៃការផ្ដល់សេវាកម្មបន្ទាន់ដល់ពលរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់»។ ដោយឡែក កាលពីថ្ងៃអាទិត្យ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ក៏បានផ្ដល់យោបល់ ឱ្យពលរដ្ឋអាមេរិកជៀសវាងការធ្វើដំណើរមកកាន់ប្រទេសអ៊ីរ៉ាក់ផងដែរ។
គួរបញ្ជាក់ថា ការបង្គាប់ឱ្យបុគ្គលិកទូតអាមេរិកចាកចេញពីប្រទេសអ៊ីរ៉ាក់ជាបន្ទាន់ កើតមានឡើងតែប៉ុន្មានប៉ុណ្ណោះ ក្រោយទីបញ្ជាការកណ្ដាលកងទ័ពអាមេរិកបានដាក់ឱ្យកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសអារ៉ាក់ និងស៊ីរី ស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដោយសំអាងថាអ៊ីរ៉ង់ ឬកងកម្លាំងប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់អាចនឹងបើក ការវាយប្រហារ។ តែយ៉ាងណាក៏ដោយ ឧត្ដមសេនីយអង់គ្លេស លោក Christopher Ghika បានអះអាងថា អង់គ្លេសមើលមិនឃើញទាល់តែសោះពីការគំរាមកំហែងរបស់អ៊ីរ៉ង់លើកងទ័ពអាមេរិក៕