(ការ៉ាកាស់)៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់រវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ដោយសារបារម្ភពីបញ្ហាសន្តិសុខ និងសុវត្ថិភាព នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ខណៈកំពុងព្យាយាមបណ្ដេញលោក នីកូឡាស់ ម៉ាឌូរ៉ូ ពីអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
ការប្រកាសពីការផ្អាករាល់ជើងហោះហើរខាងលើធ្វើឡើងដោយក្រសួងដឹកជញ្ជូនអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីមានការអនុម័តពីក្រសួងការបរទេសអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខមាតុភូមិ។ ដូច្នេះចាប់ពីពេលនេះតទៅ ជើងហោះហើរទៅ និងមកប្រទេសវេណេស៊ុយអេឡា ដែលប្រតិបត្តិការដោយក្រុមហ៊ុន អាកាសចរណ៍ទាំងអស់មានមូលដ្ឋាននៅសហរដ្ឋអាមេរិក នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការ
ជូនដំណឹងជាថ្មី។
គួរជម្រាបថា កាលពីដើមខែឧសភា រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) ក៏បានប្រកាសផងដែរពីការ ហាមឃាត់យន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ ធ្វើការហោះហើរនៅរយៈកម្ពស់ក្រោម ៨គីឡូម៉ែត្រពីលើដែនអាកាសវេណេស៊ុយអេឡា ដោយសារបញ្ហាសុវត្ថិភាព៕