(រីយ៉ូ)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) ត្រូវបានដោះលែងឲ្យមានសេរីភាពជាថ្មីម្តងទៀត នាថ្ងៃពុធសប្តាហ៍នេះ ដើម្បីរង់ចាំការបើកសវនាការ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

ការដោះលែងខាងលើធ្វើឡើងបន្ទាប់ពីរូបលោក បានប្រគល់ខ្លួនឲ្យប៉ូលិសចាប់តាមសម្រួល កាលពីសប្តាហ៍មុន ចំពោះមុខការស៊ើបអង្កេតរឿងពុករលួយ ហើយលោកត្រូវបានឃាត់ខ្លួនទុក​នៅឯទីស្នាក់ការប៉ូលិស-យោធានៃរដ្ឋសៅប៉ូឡូ (Sao Paulo)។ លោក Temer ត្រូវបានតុលាការជាន់ខ្ពស់ប្រេស៊ីល សម្រេចធ្វើការលែងជាបណ្តោះអាសន្នសិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

គួរជម្រាបថា លោក Temer បានរងការចោទប្រកាន់ពីបទដឹកនាំ​គំនិតពុករលួយមួយចំនួន ទាក់ទងនឹងគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Angra 3 នៅទីក្រុង អាំងក្រាដូសរ៉េស (Angra dos Reis)។ ទោះបីជាលោកត្រូវបានដោះលែង​ជាបណ្តោះអាសន្នក៏ដោយ លោកត្រូវគោរពតាមគោលការណ៍មួយចំនួន រួមមានការប្រគល់លិខិតឆ្លងដែនឲ្យអាជ្ញាធរ មិនអាចផ្លាស់ប្តូរអាស័យដ្ឋាន ចាកចេញពីប្រទេស ឬក៏ទាក់ទងជាមួយជនជាប់ចោទដទៃទៀតឡើយ៕