(តេហេរ៉ង់)៖ នៅចំពោះមុខភាពតានតឹងរវាងប្រទេសទាំងពីរ មេបញ្ជាការកងកម្លាំងឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្មានថ្ងៃទទួលបានជោគជ័យ តាមរយៈការដាក់​សម្ពាធជាអតិបរមាមកលើប្រទេសអ៊ីរ៉ង់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីនៃកងកម្លាំង IRGC នាថ្ងៃពុធសប្តាហ៍នេះ លោក Salami បាននិយាយដូច្នេះថា «អ៊ីរ៉ង់កំពុងស្ថិតនៅ​មាត់ជ្រោះនៃការប្រឈមមុខដាក់គ្នាពេញទំហឹងជាមួយគូសត្រូវ ដែលកំពុងតែព្យាយាមយាយីប្រជាជាតិអ៊ីរ៉ង់ តាមការប្រើប្រាស់យុទ្ធសាស្រ្ត​ដាក់សម្ពាធជាអតិបរមា និងតាមការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ពួកគេ។ យ៉ាងណាមិញ ពួកគេនឹងទទួលបរាជ័យជាថ្មីម្តងទៀត ក្នុងការប៉ុនប៉នសម្រេចគោលដៅនេះប្រឆាំងនឹងអ៊ីរ៉ង់»។

គួរជម្រាបថា សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនសម្ពាធជាអតិបរមាលើប្រទេសអ៊ីរ៉ង់ តាមរយៈការ​ចាត់​បញ្ចូល​​កម្លាំងអ៊ីរ៉ង់ IRGC ទៅក្នុងបញ្ជីអង្គការភេរវកម្ម ការហាមឃាត់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ទាំងស្រុង និងការបង្កើនវត្ត​មាន​យោធា​នៅឈូងសមុទ្រពែក​ជាដើម៕