(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងអាមេរិក F-16 មួយគ្រឿងបានធ្លាក់លើឃ្លាំងផ្ទុកឥវ៉ាន់មួយកន្លែង ស្ថិតនៅឯមូលដ្ឋានម៉ាចអ៊ែររីហ្ស៊ឺវ (March Air Reserve) ក្នុងតំបន់រីវើសាយដ៍ខោនធី (Riverside County) រដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩។

ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតនៅម៉ោង ៣៖១៥នាទីរសៀល ក្នុងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅភាគខាងលិចអាមេរិក) ប៉ុន្តែអាកាសយានិកត្រូវបានគេរាយការណ៍ថា បានលោតចេញពីយន្ដហោះដោយសុវត្ថិភាព និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់។

គួរបញ្ជាក់ថា យន្ដហោះចម្បាំង F-16 គឺជាកម្មសិទ្ធិរបស់កងការពារដែនអាកាសជាតិអាមេរិក សោតស៍ ដាកូតា (South Dakota) ក្នុងទីក្រុង ស៊ីអូស ហ្វលស៍ (Sioux Falls) រីឯពីឡុតមកពីអង្គភាព Fighter Wing ទី ១១៤ មានមូលដ្ឋានទីក្រុងហ្វ្រេស្នូ (Fresno) រដ្ឋកាលីហ្វរញ៉ា។ ដោយឡែកជុំវិញមូលហេតុធ្លាក់នេះ គឺកំពុងស្ថិតនៅក្រោម ការស៊ើបអង្កេតនៅឡើយ ហើយក៏មិនមានការបញ្ជាក់ណាមួយថា មាន ឬមិនមានមនុស្សនៅក្នុងឃ្លាំដាក់ឥវ៉ាន់ នៅពេលយន្ដហោះធ្លាក់លើនោះដែរ៕