(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងជាមួយ ប្រទេសកាណាដា និងម៉ិចស៊ីកូ ដើម្បីលុបចោលការយកពន្ធ កម្រិតខ្ពស់ ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ទៅលើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសជិតខាងទាំងពីរ របស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មអាមេរិក USTR នៅក្នុងរយៈពេល៤៨ម៉ោង ការយកពន្ធកម្រិតខ្ពស់២៥ភាគរយទៅលើដែកថែប និង១០ភាគរយទៅលើអាលុយមីញ៉ូម ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បាន ដាក់លើកាណាដា និងម៉ិចស៊ីកូ កាលពីមួយឆ្នាំមុន នឹងត្រូវដកចេញវិញ ហើយវាក៏ជួយបើកផ្លូវដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាង ប្រទេសទាំង០៣ថែមទៀតផង។ ទីភ្នាក់ងារ USTR បានបញ្ជាក់ទៀតថា កាណាដានិងម៉ិចស៊ីកូ ក៏បានយល់ព្រមលុបចោលនូវវិធាន ការសងសឹករបស់ខ្លួន មកលើផលិតផលរបស់អាមេរិកផងដែរ។

គួរជម្រាបថា កាលពីខែមីនា ឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចយកពន្ធដល់ទៅ២៥ភាគរយ លើផលិតផលដែកថែប និង ១០ភាគរយលើផលិតផលអាលុយមីញ៉ូម ដែលនាំចូលពីបណ្តាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក ក្រោម ហេតុផលបញ្ហាសន្តិសុខជាតិ៕