(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក CIA លោក David Petraeus បានព្រមានប្រទេសអ៊ីរ៉ង់ឲ្យប្រយ័ត្នប្រយែងបំផុត ក្នុងការបញ្ចេញកាយវិការឆ្លើយតប ចំពោះយុទ្ធនាការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក ព្រោះវាអាចបង្កឲ្យបញ្ហាផ្ទុះឡើងកាន់ធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

អតីតមេចារកម្មអាមេរិករូបនេះបានលើកឡើងថា អ៊ីរ៉ង់ត្រូវតែធ្វើការសម្រេចចិត្តឲ្យបានហ្មត់ចត់ជាទីបំផុត ក្នុងការឆ្លើយតបចំពោះ សកម្មភាពរបស់សហរដ្ឋអាមេរិក ចាប់ពីពេលនេះរហូតដល់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២០ ជាពេលដែលទីក្រុងតេហេរ៉ង់អាចសង្ឃឹមបានថា យុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោននឹងរំងាប់ទៅវិញ។ ដូច្នេះទម្រាំតែដល់ពេលនោះ អ៊ីរ៉ង់ត្រូវមានការប្រយ័ត្នប្រយែងឲ្យមែនទែន។

គួរជម្រាបថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងកម្តៅកាលពីដើមខែឧសភានេះ នៅពេលទីក្រុងវ៉ាស៊ីនតោនបាន បញ្ចេញទណ្ឌកម្មបន្ថែម និងបញ្ជូននាវាដឹកយន្តហោះចម្បាំង ក្បួនយន្តហោះទម្លាក់គ្រាប់បែក B-52 និងប្រព័ន្ធមីស៊ីល Patriot ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ការគំរាមកំហែងដល់អ៊ីរ៉ង់។

ទោះជាបែបនេះក្តី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ថា លោកមិនចង់ឲ្យផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែលោកក៏បានគូសបញ្ជាក់ដែរថា ប្រទេសលោកត្រៀមខ្លួនរួចស្រេច ដើម្បីឆ្លើយតបចំពោះសកម្មភាពយោធា​ដែលបង្កឡើងដោយអ៊ីរ៉ង់ ហើយលោក ត្រាំ បានបង្ហោះសារព្រមានដូច្នេះថា ប្រសិនបើអ៊ីរ៉ង់ចង់បង្កសង្រ្គាម នោះវានឹងជាទីបញ្ចប់របស់អ៊ីរ៉ង់មិនខាន។ ជុំវិញភាពតានតឹងនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ក៏បានប្រកាសថា ប្រទេសលោកមិនចង់បានសង្រ្គាមឡើយ៕