(ហ្សាការតា)៖ បេក្ខភាពប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសមិនទទួលស្គាល់ លទ្ធផលផ្លូវការនៃ​ការ​បោះ​ឆ្នោត ដែលបានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្ន គឺ លោក Joko Widodo បានបន្តជាប់ឆ្នោតសម្រាប់អាណត្តិទី០២ នោះឡើយ ហើយលោកនឹងដាក់ពាក្យបណ្តឹងតវ៉ាឡើងទៅតុលាការធម្មនុញ្ញ។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មាន​​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។

លោក Prabowo បានបញ្ជាក់ថា មូលហេតុដែលលោកពុំទទួលស្គាល់លទ្ធផលឆ្នោត ពីព្រោះការរាប់សំឡេងឆ្នោត ត្រូវបានធ្វើ​ឡើង​ដោយការបន្លំបោកប្រាស់។ នាថ្ងៃអង្គារនេះ យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយគណៈកម្មការបោះឆ្នោតជាតិឥណ្ឌូណេស៊ី លោក Widodo គឺជាអ្នកដែលទទួលបានជ័យជម្នះ ដូចទៅនឹងលទ្ធផលបឋម បានមកពីការរាប់សន្លឹកឆ្នោតភ្លាមៗ ក្រោយ​ការបោះឆ្នោត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

គួរជម្រាបថា បើតាមលទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ ខណៈ លោក Prabowo ទទួលបានត្រឹម៤៤.៥ភាគរយ។ កាលពីឆ្នាំ២០១៤ លោក Prabowo ក៏ធ្លាប់ប្តឹងតវ៉ាទៅកាន់តុលាការ ក្រោយចាញ់ឆ្នោត លោក Widodo បែបនេះដែរ៕