(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសឲ្យដឹងថា យន្តហោះចម្បាំងអាមេរិក បាន ធ្វើការហោះប្រកិតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី Tu-95MS strategic bombers នៅពេលដែលខ្លួនកំពុងហោះហើរល្បាតជាធម្មតា ពីលើមហាសមុទ្រទឹកកកអាក់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩។
រុស្ស៊ីបានអះអាងទៀតថា យន្តហោះចម្បាំងអាមេរិកទាំងឡាយ ដែលបានហោះទៅប្រកិត យន្តហោះរុស្ស៊ីនោះ គឺសុទ្ធសឹងតែជាប្រភេទ F-22 របស់កងទ័ពអាកាសអាមេរិក ស្ថិតនៅពីលើដែនសមុទ្រ Chukchi, Bering និង Okhotsk ស្ថិតនៅក្នុងមហាសមុទ្រ ទឹកកកអាក់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក។ រុស្ស៊ីចាត់ទុកថា វាជាទង្វើមិនសមរម្យមួយ ខណៈខ្លួនបានហោះល្បាតនៅតាមតំបន់ខាងលើនេះ ដោយអនុឡោមតាមច្បាប់អន្តរជាតិ៕