(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី នៅថ្ងៃពុធនេះ បានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នាំគ្នាតវ៉ានៅកណ្ដាលទីក្រុងហ្សាការតា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោក Joko Widodo បានជាប់ ឆ្នោតជាប្រធានាធិបតីសាជាថ្មីក្នុងអណត្តិទី២របស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
យោងតាមប៉ូលិសឥណ្ឌូណេស៊ី បាតុកម្មតវ៉ានៅតាមដងផ្លូវនៃតំបន់ Tanah Abang ស្ថិតនៅកណ្ដាលទីក្រុងហ្សាការតា បានបញ្ចប់ដោយសន្តិវិធី ប៉ុន្តែមានបាតុករមួយចំនួនបានគប់ដុំថ្មលើប៉ូលិស ទើបបង្ខំឱ្យអាជ្ញាធរបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករយ៉ាងហោចណាស់២០នាក់ផងដែរ។
គួរបញ្ជាក់ថា បើតាមលទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ ខណៈ លោក Prabowo Subianto ទទួលបានត្រឹម៤៤.៥ភាគរយ។ ប៉ុន្តែ លោក Prabowo បានប្រកាសមិនទទួលស្គាល់លទ្ធផល ផ្លូវការនៃ ការ បោះ ឆ្នោត ហើយថានឹងប្ដឹងជំទាស់នឹងលទ្ធផលនេះ៕