(ឡូសអាន់ជែឡែស)៖ រដ្ឋកាលីហ្វរញ៉ាបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក ដោយសារការលុបចោលមូលនិធិជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន របស់រដ្ឋភាគខាងលិចនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩។
ការប្តឹងផ្តល់នេះបានកើតមានឡើង បន្ទាប់ពីរដ្ឋបាលផ្លូវដែកសហព័ន្ធរបស់អាមេរិក បានប្រកាសថា ខ្លួននឹងបិទបញ្ចប់កិច្ចសន្យាដែលមានទំហំទឹកប្រាក់ ៩២៨លានដុល្លារ ជាមួយរដ្ឋកាលីហ្វរញ៉ាដោយសារហេតុផលថា រដ្ឋកាលីហ្វរញ៉ាពុំអាចបង្កើតវឌ្ឍនភាពអ្វី ដែលអាចទទួលយកបានជុំវិញគម្រោងផ្លូវដែកនេះ។
ដោយឡែករដ្ឋកាលីហ្វរញ៉ាបានលើកឡើងវិញថា ទង្វើរបស់រដ្ឋបាលផ្លូវដែកសហព័ន្ធ គឺទទួលបានការជំរុញពីការមិនពេញចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះរដ្ឋកាលីហ្វរញ៉ា ព្រោះតែធ្លាប់ប្រឆាំងនឹងគម្រោងសាងសង់ជញ្ជាំងព្រំដែនរបស់លោក ហើយលោក ត្រាំ ក៏ធ្លាប់បានរិះគន់លើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះផងដែរ៕