(តូក្យូ)៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់ ដោយចោទថារូបគេបានបាញ់ឡាស៊ែរដាក់យន្ដហោះចម្បាំង អាមេរិក នៅឯមូលដ្ឋានទ័ពអាកាស Yokota។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

បុរសខាងលើឈ្មោះ Yoshinori Shigekawa និងមានអាយុ៦០ឆ្នាំ ក៏បានសារភាពផងដែរថាខ្លួនបានចាប់ ផ្ដើមបាញ់ឡាស៊ែរដាក់យន្ដហោះចម្បាំងអាមេរិក អស់រយៈពេល៣ឆ្នាំមកហើយ ខណៈប៉ូលិសបានរកឃើញ ឡាស៊ែរជាច្រើននៅក្នុងផ្ទះជនសង្ស័យរូបនេះ។ ដោយឡែក បើតាមអាជ្ញាធរជប៉ុន លោក Shigekawa បាន បាញ់ឡាស៊ែរដាក់យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងផ្ទុកមនុស្ស៤នាក់ នៅអំឡុងបេសកកម្ម បណ្ដុះបណ្ដាលមួយកាលពីខែកុម្ភៈ កន្លងទៅ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ មូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុន បានឱ្យដឹងថាមានការព្យាយាម បាញ់ឡាស៊ែរជាង៤០លើក ដាក់យន្ដហោះចម្បាំងអាមេរិក ហើយនៅពេលនោះមិនមានមានព័ត៌មាន ពាក់ព័ន្ធនឹងជនសង្ស័យណាម្នាក់ឡើយ។ តែការបាញ់ឡាស៊ែររបៀបនេះគឺប៉ះពាល់ដល់សុវត្ថិភាពក្នុងការបញ្ជា យន្ដហោះរបស់ពីឡុត៕