(ហ្សាការតា)៖ ផ្លូវជាច្រើននៅកណ្ដាលរដ្ឋធានីហ្សាការតា បានត្រឡប់មករកសភាពស្ងប់ស្ងាត់វិញហើយ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាក្នុងបាតុកម្មតវ៉ាកាលពីយប់ថ្ងៃពុធ រវាងកងកម្លាំសន្តិសុខ និងក្រុមបាតុករ ដែលនាំគ្នាតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលបង្ហាញថា លោក Joko Widodo ជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី នៅអណត្តិទី២របស់លោក។ ។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ី ដក ស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនបាតុករតវ៉ាបានថយចុះ​នៅក្នុងបាតុកម្មកាលពីយប់ថ្ងៃពុធ ខណៈក្រុម បាតុករចុងក្រោយដែលនៅសល់ ត្រូវបានបំបែកនៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅហ្សាការតា)។ ចំណែកឯសេវាដឹកជញ្ជូនមួយចំនួនធំ​នៅក្នុងរដ្ឋធានីហ្សាការតា ក៏បានដំណើរការឡើងវិញហើយដែរ ខណៈកម្មកររដ្ឋកំពុងសម្អាតដងផ្លូវ។

គួរបញ្ជាក់ថា បើតាមអភិបាលរដ្ឋធានីហ្សាការតា លោក អានីស បាស្វេដាន (Anies Baswedan) បានឱ្យដឹងថា មនុស្សសរុប០៦នាក់បានស្លាប់ និង ៣៥០នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នាដ៏ហិង្សារវាងបាតុករ និងកងកម្លាំងសន្តិសុខ។ រីឯប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូវី (Joko Widodo) ក៏បានព្រមានដែរថា នឹងមិនអត់ឱនឱ្យឡើយចំពោះជនបង្កអសន្តិសុខ និងប្រជាធិបតេយ្យនៅឥណ្ឌូណេស៊ី៕