(វីយ្យែន)៖ អធិការបតីអូទ្រីស លោក Sebastian Kurz បានតែងតាំងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីរដ្ឋមន្ត្រីទាំងអស់មកពីគណបក្សសេរីនិយម Freedom Party (FPOe) លាលែងចេញពីតំណែងដោយសារតែការលេចធ្លាយវីដេអូដ៏អាស្រូវ របស់អនុអធិការបតីអូទ្រីសកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

លោក Sebastian Kurz ដែលបានស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិ នៅខែកញ្ញាខាងមុខ ក្រោយរដ្ឋាភិបាលចម្រុះរបស់លោកជាមួយគណបក្សសេរីនិយម បានរលំរលាយ និងបានតែងតាំងរដ្ឋមន្ត្រីចំនួន ០៤រូបក្នុងនោះរួមមានរដ្ឋមន្ត្រីមហាផ្ទៃ ការពារជាតិ ដឹកជញ្ជូន និងរដ្ឋមន្ត្រីសង្គមកិច្ច។ បន្ថែមពីលើនេះលោកក៏បានតែង តាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក គឺលោក Hartwig Loeger ជាអនុអធិការបតីផងដែរ ហើយក្រុមរដ្ឋមន្ត្រីថ្មីសុទ្ធតែស្បថឡើងកាន់តំណែងភ្លាមៗ នៅចំពោះមុខប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងទៅ រដ្ឋមន្ត្រីទាំងអស់មកពីគណបក្សសេរីនិយម បានសម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីវីដេអូដ៏អាស្រូវមួយរបស់អនុអធិការបតីអូទ្រីស និងជាប្រធានគណបក្សស្ដាំនិយមជ្រុលមួយនេះ គឺលោក Heinz-Christian Strache ត្រូវបានលេចធ្លាយ។ វីដេអូនេះត្រូវបានថត នៅឯវីឡាលំហែកាយមួយកន្លែងនៅលើកោះ Ibiza នៅប្រទេសអេស្ប៉ាញកាលពីខែកក្កដា ឆ្នាំ២០១៧ ដោយបង្ហាញថា លោក Strache បានសន្យាផ្ដល់កិច្ចសន្យារដ្ឋនានា ជាថ្នូរនឹងការទទួលបានការគាំទ្រពីទីក្រុងម៉ូស្គូ ដោយគេឃើញមានស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីឈ្មោះ Igor Makarov។

ប៉ុន្តែលោក Igor Makarov បានអះអាងថា ស្រី្តរូបនេះមិនមែនជាក្មួយរបស់លោកនោះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា នាងគ្រាន់តែតួសម្ដែងម្នាក់ ដែលគេបញ្ជូនឱ្យទៅបញ្ចោតលោក Strache និយាយពីបំណងចង់បានជំនួយពីរុស្ស៊ី ចេញមកក្រៅតែប៉ុណ្ណោះ។ មួយវិញទៀត គណបក្សប្រឆាំងសង្គមប្រជាធិបតេយ្យ ក៏បានចោទប្រកាន់ផងដែរថា លោក Sebastian Kurz គឺជាអ្នកបង្កចលាចលបច្ចុប្បន្ន ដើម្បីតែងតាំងមនុស្សជំនិត និងបក្ខពួកនៅក្នុងជួរគណៈរដ្ឋមន្ត្រីអូទ្រីស។

ដោយឡែក លោក Heinz-Christian Strache ដែលបានលាលែងចេញពីតំណែងជាអនុធិបការបតីនោះ ហាក់មិន បានទទួលស្គាល់កំហុសត្រង់ៗនោះទេ ដោយលោកគ្រាន់តែនិយាយថា អាកប្បកិរិយារបស់លោកគឺជាទង្វើឆ្កួតឡប់ និងគ្មានទំនួលខុសត្រូវ។ ប៉ុន្តែលោកបានសន្យានឹងបង្ហាញប្រជាជនអូទ្រីសទាំងអស់ថា លោកគឺជាមនុស្សស្អាតស្អំ ព្រមទាំងបកអាក្រាតអ្នកដែលនៅពីក្រោយ ការថតវីដេអូដោយខុសច្បាប់នោះ។

សូមជំរាបថា នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយ សម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែង ឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះ បោះទុនរកស៊ីនៅក្នុងស្រុកផង ក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថា ជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា ករណីលោក កឹម សុខា ប្រកាសក្តែងៗថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា បែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិ ដ៏ធំនេះ ហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួន ហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោស អ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ៕