(ប៉េកាំង)៖ ដំណើរទស្សនកិច្ចមួយក្នុងប្រទេសកាលពីដើមសប្តាហ៍នេះ របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា ទំនងជាការគំរាមប្រើសន្លឹកបៀ ដ៏ធំមួយរបស់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Ink Stone News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ស៊ី បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រកែច្នៃ ធនធានរ៉ែ ដ៏កម្ររបស់ផែនដី ដែលគេហៅថា Rare Earth Element នៅឯទីក្រុង កាន់ចូវ (Ganzhou) ភាគខាងកើតប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឲ្យអ្នកវិភាគស្ថានការណ៍អន្តរជាតិ យល់ឃើញថា មហាយក្សនៅអាស៊ីមួយនេះ អាចនឹងយកប្រភេទធនធានរ៉ែដ៏សំខាន់នេះ ធ្វើជាអាវុធដ៏មុតស្រួចមួយ នៅសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបថា ធនធាន Rare Earth គឺជាក្រុមធាតុរ៉ែចំនួន ១៧ ដែលជាសមាសធាតុផ្សំយ៉ាងចាំបាច់ នៃគ្រឿងបរិក្ខាយោធា និងសម្ភារៈទំនើប នាពេលបច្ចុប្បន្ន រួមមានទាំងកុំព្យូទ័រយួរដៃ រហូតដល់យានជំនិះអេឡិចត្រូនិច និងប្រព័ន្ធសព្វាវុធ ហើយប្រទេសចិនទទួលបន្ទុកដល់ទៅ ៩០ភាគរយ នៃការផលិតកែច្នៃធនធាននេះ នៅទូទាំងពិភពលោក។ រីឯសហរដ្ឋអាមេរិក មានការពឹងផ្អែកយ៉ាងធំធេងលើការនាំចូលធនធាន Rare Earth ពីប្រទេសចិន ហើយធនធាននេះ ស្ថិតក្នុងចំណោមផលិតផលមួយចំនួនតូចរបស់ចិន ដែលអាមេរិកពុំទាន់ មានគម្រោងដំឡើងពន្ធនៅឡើយទេ។

កាលពីឆ្នាំ២០១០ នៅពេលទីក្រុងប៉េកាំង បានសម្រេចកាត់បន្ថយកូតានាំចេញក្នុងអត្រា ៤០ភាគរយ សហភាពអឺរ៉ុប អាមេរិក និងជប៉ុន បានប្តឹងតវ៉ាទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកភ្លាមៗ ព្រោះតែរងការប៉ះពាល់ជាខ្លាំង។ បើតាមក្រុមអ្នកវិភាគ ការដាក់បម្រាមនាំចេញធនធាននេះទៅកាន់សហរដ្ឋអាមេរិក នឹងធ្វើឲ្យឧស្សាហកម្មមួយភាគធំរបស់អាមេរិកជាប់គាំង ដូចជាខាងចម្រាញ់ ប្រេង ថាមពលកម្លាំងខ្យល់បក់ និងវិស័យផលិតបរិក្ខាការពារជាតិជាដើម។

ជាចុងក្រោយ ទោះបីមិនមានការបញ្ជាក់លម្អិតពីចេតនា នៅពីក្រោយដំណើរទស្សនកិច្ចខាងលើរបស់លោក ស៊ី ជិនពីង ក៏ដោយ មនុស្សជាច្រើនបានសន្និដ្ឋានថា វាគឺជាការផ្ញើសារមួយបង្កប់ដោយអត្ថន័យ ដែលបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំរបស់ចិន នៅក្នុងការប្រឈមមុខគ្នាជាមួយអាមេរិក បើទោះបីជាទីក្រុងប៉េកាំង នៅតែបើកទូលាយសម្រាប់ឆន្ទៈចរចាគ្នាជាថ្មីក៏ដោយ៕