(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលបានសម្រេចចិត្តដាក់បញ្ចូល ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះទីក្រុងប៉េកាំងក៏បានជំទាស់ផងដែរនឹងបណ្ដា ប្រទេសដែលចង់ចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមក្រសួងពាណិជ្ជកម្មចិន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក កៅ ហ្វេង (Gao Feng) បានបញ្ជាក់ទៀតថាសហរដ្ឋអាមេរិកគួរតែប្រកាន់ភ្ជាប់នូវអាកប្បកិរិយាប្រកបដោយហេតុផល ព្រមទាំងកែតម្រូវសកម្មភាពដ៍មានគ្រោះថ្នាក់របស់ខ្លួន នាពេលបច្ចុប្បន្ននេះជាមុនសិន ទើបអាចចូលមកចរចា ដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងបាន។
ប្រតិកម្មរបស់ក្រសួងពាណិជ្ជកម្មចិន បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ចាត់បញ្ចូលក្រុមហ៊ុនចិន Huawei និងក្រុមហ៊ុនជាសាខាជាង៧០ទៀតទៅក្នុងបញ្ជីខ្មៅ ដែលត្រូវរឹតត្បិតសកម្មភាពនៅក្នុង សហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភពីសន្តិសុខជាតិ។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនដោយផ្អែកលើ ហេតុផលសន្តិសុខជាតិនេះ ក៏បានជំរុញឱ្យប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស គឺបណ្តាញ 5G របស់ Huawei ថែមទៀតផង។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងរឿង Huawei នេះដែរ លោក Gao Feng ក៏បានឱ្យដឹងដែរថាចិនបានដាក់ពាក្យតវ៉ា ទៅកាន់សហរដ្ឋអាមេរិក រួចរាល់ហើយ ក៏ដូចជានឹងចាត់វិធានការចំាបាច់នានាដើម្បីការពារផលប្រយោជន៍ របស់ខ្លួន៕