(អេត្យូពី)៖ ក្រសួងការបរទេសអេត្យូពីបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីសម្តែងការសុំទោសចំពោះប្រទេសសូម៉ាលី ដោយសារតែផែនទីដែលប្រទេសអាហ្វ្រិកមួយនេះបានគូសវាស មានការលេបត្របាក់ ឬធ្វើឲ្យបាត់ស្រមោលទឹកដីប្រទេសសូម៉ាលីទាំងមូលតែម្តង ចូលទៅក្នុងទឹកដីប្រទេសអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាយប់ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍ខាងលើនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការភ័ន្តច្រឡំនានា និងការយល់ខុស ដែលនាំឲ្យមានឧបទ្ទវហេតុខាងលើនេះកើតឡើង...»។ ក្រោយពីការបង្ហាញផែនទីនេះជាសាធារណនោះ អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសសូម៉ាលីបានធ្វើការរិះគន់ខ្លាំងៗ និងបានចោទមកលើប្រទេសអេត្យូពីតែម្តង មានបំណងដាក់ទឹកដីសូម៉ាលីជាឧបសម្ព័ន្ធរបស់ខ្លួន ដោយរំលោភច្បាប់អន្តរជាតិ។
បន្ថែមពីខាងលើនេះ ប្រជាជនសូម៉ាលីមួយចំនួនទៀតក៏បានកែច្នៃផែនទីថ្មីមួយវិញ ដោយដាក់ទឹកដីប្រទេសអេត្យូពីទាំងមូល និងទឹកដីផ្តាច់ខ្លួន (ប្រកាសឯករាជ្យដោយខ្លួនឯង) មានឈ្មោះថា សូម៉ាលីឡេនដ៍ចូលទៅក្នុងទឹកដីសូម៉ាលីទាំងអស់វិញ។ យ៉ាងណាក៏ដោយ ការចេញសេចក្តីថ្លែងការណ៍ និងកែតម្រូវផែនទីឡើងវិញ ពីសំណាក់រដ្ឋាភិបាលអេត្យូពី ដែលមានព្រំដែនជាប់សូម៉ាលី និងមានប្រវត្តិសាស្ត្របែងចែកទឹកដីដ៏ស្មុគស្មាញនេះ ធ្វើឡើងដើម្បីរំងាប់កំហឹងសាធារណជនក្នុងប្រទេសសូម៉ាលី៕