(អូទ្រីស)៖ ទីបំផុតអធិបការបតីអូទ្រីសលោក Sebastian Kurz និងរដ្ឋាភិបាលរបស់លោក ត្រូវបានសភាបោះឆ្នោត «មិនផ្តល់ទំនុកចិត្ត ឬលែងទុកចិត្ត» ដោយប្រការនេះនឹងបើកផ្លូវឲ្យ ប្រធានាធិបតីអូទ្រីសជាអ្នកសម្រេចចិត្តជ្រើសតាំងបុគ្គលថ្មី ដើម្បីឡើងធ្វើជាអធិការបតីបន្ត ពីលោក Kurz។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាយប់ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។

សម្រាប់អធិការបតីអូទ្រីសថ្មីដែលនឹងត្រូវជ្រើសតាំងនោះ នឹងត្រូវមានតួនាទីត្រឹមតែជាអ្នក គ្រប់គ្រងរដ្ឋាភិបាលចាំផ្ទះតែប៉ុណ្ណោះ រហូតដល់ប្រទេសអឺរ៉ុបមួយនេះរៀបចំការ បោះឆ្នោតនៅខែកញ្ញា ខាងមុខនេះ។ លោក Kurz ដែលមាននាមជាមេដឹកនាំវ័យក្មេង បំផុតនៅអាយុ ៣២ឆ្នាំ គឺជាមេដឹកនាំគណបក្សអភិរក្សនិយមប្រជាជនអូទ្រីស (APP) គឺជាអធិការបតីតអូទ្រីសដំបូងហើយ ដែលត្រូវបានសភាបោះឆ្នោតលែងទុកចិត្ត គិតចាប់តាំងពីការបញ្ចប់សម័យសង្គ្រាមអូទ្រីសមក។

គួរបញ្ជាក់ថា ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក Kurz រហូតឈានដល់បោះឆ្នោតផ្តល់ទំនុកចិត្តពីសភា បានកើតមានឡើងបន្ទាប់ពីការបែកធ្លាយ វីដេអូនៃអនុអធិការបតីអូទ្រីសលោក Strache ធ្វើការទាក់ទងជាមួយកូនស្រី មហាសេដ្ឋីរុស្ស៊ី ដោយមានការសន្យាជួយលោកឲ្យមានប្រជាប្រិយភាព។

ក្រោយការបែកធ្លាយខាងលើនេះ រដ្ឋមន្ត្រីទាំងអស់មកពីគណបក្សសេរីនិយម បានសម្រេចចិត្តលាលែងពីតំណែង។ វីដេអូនេះត្រូវបានថត នៅឯវីឡាលំហែកាយមួយកន្លែងនៅលើកោះ Ibiza នៅប្រទេសអេស្ប៉ាញកាលពីខែកក្កដា ឆ្នាំ២០១៧ ដោយបង្ហាញថា លោក Strache បានសន្យាផ្ដល់កិច្ចសន្យារដ្ឋនានា ជាថ្នូរនឹងការទទួលបានការគាំទ្រពីទីក្រុងម៉ូស្គូ ដោយគេឃើញមានស្ត្រីម្នាក់ដែលគេជឿជាក់ថា ជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីឈ្មោះ Igor Makarov។

ក្រោយមកទៀត លោក Sebastian Kurz បានស្នើឱ្យមានការបោះឆ្នោតមុនអាណត្តិ នៅខែកញ្ញាខាងមុខ ក្រោយរដ្ឋាភិបាលចម្រុះរបស់លោកជាមួយគណបក្សសេរីនិយម បានរលំរលាយ និងបានតែងតាំងរដ្ឋមន្ត្រីចំនួន ០៤រូបក្នុងនោះរួមមានរដ្ឋមន្ត្រីមហាផ្ទៃ ការពារជាតិ ដឹកជញ្ជូន និងរដ្ឋមន្ត្រីសង្គមកិច្ច។ បន្ថែមពីលើនេះលោកក៏បានតែង តាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក គឺលោក Hartwig Loeger ជាអនុអធិការបតីផងដែរ ហើយក្រុមរដ្ឋមន្ត្រីថ្មីសុទ្ធតែស្បថឡើងកាន់តំណែងភ្លាមៗ នៅចំពោះមុខប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen កាលពីថ្ងៃពុធសប្តាហ៍មុន៕