(ព្រុចសែល)៖ ក្រុមប្រឹក្សាអឺរ៉ុបបានបង្ហាញគោលជំហរមិនទទួលយកដាច់ខាត ចំពោះការចោទប្រកាន់គ្មានមូលដ្ឋានដែលថា ការនាំចូលរថយន្តពីអឺរ៉ុប បង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំមួយផ្តោតលើបញ្ហាពាណិជ្ជកម្ម ក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងដូច្នេះថា «ក្រុមប្រឹក្សាស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពន្យារពេល១៨០ថ្ងៃ ដើម្បីអនុវត្តគម្រោងឡើងពន្ធនាំចូលលើរថយន្តបរទេស ប៉ុន្តែមិនទទួលយកដាច់ខាត ចំពោះការចោទប្រកាន់ដែលថា រថយន្តរបស់អឺរ៉ុប គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក»។
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែឧសភានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្គាប់ឲ្យសហរដ្ឋអាមេរិកសម្រេច ឲ្យបាននូវកិច្ចព្រមព្រៀងមួយក្នុងរយៈពេល ០៦ខែ ជាមួយសហភាពអឺរ៉ុប និងជប៉ុនជាដើម ជុំវិញបញ្ហាការនាំចូលយានជំនិះ និងគ្រឿងបន្លាស់ ដែលលោកអះអាងថា អាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់លោក៕