(ប៉េកាំង)៖ នាពេលថ្មីៗនេះពេលចុះត្រួតពិនិត្យការងារនៅ ខេត្ត Jiangxi ប្រទេសចិន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅដាក់កន្ត្រកផ្កា នៅវិមានរំលឹកការចាប់ផ្តើមមហាដំណើរចម្ងាយ២ម៉ឺន៥ពាន់លី របស់កងទ័ពក្រហមកម្មករ និងកសិករប្រទេសចិន នៅខែតុលា ឆ្នាំ១៩៣៤ ហើយគូសបញ្ជាក់ថា ស្មារតីមហាដំណើរបញ្ចេញពន្លឺត្រចះត្រចង់ជានិរន្តរ៍។
សកម្មភាពរបស់លោក ស៊ី ជីនភីង លើកនេះត្រូវបានមជ្ឈដ្ឋានខាងក្រៅស្រាយពន្យល់ថា ពេលកំពុងប្រឈមមុខនឹងការឡោមព័ន្ធរបស់អាមេរិក ទាំងផ្នែកពាណិជ្ជកម្ម បច្ចេកទេស យោធា និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិរបស់អាមេរិក ប្រទេសចិន បានប្តេជ្ញាចិត្តចាត់ទុកស្មារតីមហាដំណើរជាកម្លាំងចលករ ដើម្បីត្រួសត្រាយអនាគតថ្មី នៃការអភិវឌ្ឍប្រទេសជាតិ។
បច្ចុប្បន្ននេះការបំបិទផ្លូវរបស់ប្រទេសចិន ដែលបំផុសឡើងដោយសហរដ្ឋអាមេរិកបាន និងកំពុងឈានចូលដំណាក់កាលថ្មីមួយទៀត ពោលគឺបានបង្កើនកម្លាំងក្នុងការគាបសង្កត់ សហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ព្រមជាមួយគ្នានេះ អាមេរិកបានអូសទាញ ឬគំរាមកំហែងទៅលើសម័ន្ធមិត្តរបស់ខ្លួន បង្ខំឲ្យពួកគេឈរនៅជាមួយខ្លួន ដើម្បីទប់ស្កាត់ការអភិវឌ្ឍលើផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ លោក Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកប្រកាសថា លោកកំពុងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដើម្បីពន្យល់ពីហានិភ័យខាងសនិ្តសុខ ដែលកើតចេញពីក្រុមហ៊ុនហួវៃ។ អនុលោមតាមឯកសារនៃ មន្ទីរស្រាវជ្រាវព័ត៌មានឧស្សាហកម្មគ្រឿងចក្រ នៃប្រទេសចិនបង្ហាញឲ្យដឹងថា គិតរហូតដល់ថ្ងៃទី១៧ ខែឧសភា មានក្រុមហ៊ុនចិនលើសពី ២៦០ក្រុមហ៊ុន ត្រូវអាមេរិកដាក់បញ្ចូលក្នុងបញ្ជីឈ្មោះក្រុមហ៊ុន ដែលត្រូវដាក់កំហិតចំពោះការនាំចេញរបស់ក្រុមហ៊ុនទាំងនេះ ដោយយកលេសថា មានការគំរាមកំហែងដល់សនិ្តសុខជាតិ និងគោលនយោបាយការទូតរបស់អាមេរិក តួលេខនេះត្រូវជា ២១.៩ភាគរយ នៃចំនួនក្រុមហ៊ុនក្នុងបញ្ជីមួយនេះ ពោលគឺឈរនៅលេខរៀងបន្ទាប់ពីរុស្ស៊ី។
ល្បិចកលធ្វើការត្រួតពិនិត្យ និងដាក់កំហិតចំពោះការនាំចេញ ដើម្បីបំបិទផ្លូវផ្គត់ផ្គង់ និងធ្វើការដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មជាមួយសហគ្រាសចិនបែបនេះ គឺក្នុងគោលបំណងបន្តដាក់សម្ពាធ ក្នុងកម្រិតអតិបរមាក្រោមស្ថានការណ៍ ដែលកិច្ចពិគ្រោះពិភាក្សាស្តីពីពាណិជ្ជកម្មរវាងអាមេរិក និងចិនមិនបានទទួលលទ្ធផលអ្វី។ ប៉ុន្តែវាច្បាស់ណាស់គឺ ភាគីអាមេរិកវាយតម្លៃខ្ពស់ពេកចំពោះខ្លួនឯង និងវាយតម្លៃទាបពេក ចំពោះអំណាចទន់នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យារបស់ប្រជាជនចិន ពោលគឺជានិច្ចកាលប្រជាជនចិនតែងតែយក ស្មារតីមហាដំណើរមកលើកទឹកចិត្តខ្លួនឯង ។
ប្រជាជនចិនតែងតែចាត់ទុកផលប្រយោជន៍ជាតិ និងផលប្រយោជន៍មូលដ្ឋាន នៃប្រជាជនជាតិចិនជារឿងសំខាន់បំផុត ប្រឈមនឹងសម្ពាធមកពីខាងក្រៅ ប្រជាជនចិនមិនខ្លាចឧបសគ្គរារាំងណាមួយទេ ហើយក៏នឹងមិនស្ទាក់ស្ទើរក្នុងការលះបង់អ្វីគ្រប់យ៉ាង ពោលគឺរួមសាមគ្គីគ្នារួមសុខរួមទុក្ខ ខិតខំប្រឹងប្រែងតស៊ូប្រយុទ្ធរហូតដល់ទទួលបានជោគជ័យ ។
ការស្វែងរកភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងរួមគ្នាចែករំលែកផ្លែផ្កា នៃការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា គឺជាក្តីបំណងរួមរបស់សង្គមមនុស្សជាតិ តែគឺមិនមែនជាសិទ្ធិដាច់ខាតរបស់ប្រទេស និងជនជាតិណាមួយនោះឡើយ ។ ប្រឈមមុខនឹងការដាក់សម្ពាធ បែបអនុត្តរភាពរបស់អាមេរិក ក្នុងសង្រ្គាមគ្មានផ្សែងអាវុធសម្រាប់គាំពារសិទ្ធិអភិវឌ្ឍន៍បច្ចេកវិទ្យា និងផ្តល់សុខសុភមង្គល ជូនដល់មនុស្សជាតិលើកនេះ រឿងតែមួយគត់ដែលប្រទេសចិន ត្រូវធ្វើនោះ គឺបន្តវិវឌ្ឍរីកចម្រើនទៅមុខ ដើម្បីទទួលបានជ័យជម្នះនៅទីចុងបំផុត ។
មហាដំណើរជាដំណើរដ៏វែងឆ្ងាយ និងមហិមាខាងឧត្តមគតិ និងជំនឿមួយលើក ជាដំណើរដ៏វែងឆ្ងាយ និងមហិមាសម្រាប់បញ្ជាក់ពីសច្ចភាពមួយលើក ជាដំណើរដ៏វែងឆ្ងាយ និងមហិមាមួយលើកសម្រាប់ដាស់ស្មារតីប្រជាជនឲ្យក្រោកឈរឡើង ហើយក៏ជាដំណើរដ៏វែងឆ្ងាយ និងមហិមាសម្រាប់ត្រួសត្រាយនិម្មាបនកម្មថ្មីមួយលើកផងដែរ ។
ប្រឈមមុខនឹងការឡោមព័ទ្ធរបស់អាមេរិក ថ្នាក់ដឹកនាំ និងប្រជាជនចិនសុទ្ធតែបានចាត់ទុកវាជាឧបសគ្គនីមួយៗ លើផ្លូវស្តារភាពរុងរឿងឡើងវិញរបស់ប្រជាជាតិចិន ប្រជាជាតិចិនមានភាពអង់អាចក្លាហាន មិនតក់ស្លុតនឹងការគំរាមកំហែងអ្វីឡើយ តាំងចិត្តបេ្តជ្ញាចេញដំណើរជាថ្មី បន្តទប់ទល់នឹងកម្លាំងសម្ពាធពីខាងក្រៅគ្រប់បែបយ៉ាង ដោយស្មារតីមហាដំណើរ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសចិនក៏បានបង្ហាញដែរថា នឹងបន្តគាំទ្រសហគ្រាសបច្ចេកវិទ្យាចិន បូករួមទាំងក្រុមហ៊ុន Huawei ផង ដើម្បីធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនបរទេស ចំណែកឯសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសទុនបរទេស ដែលធ្វើអាជីវកម្មនៅប្រទេសចិន ក្នុងនោះ បូករួមទាំងសហគ្រាសទុនអាមេរិក គឺសុទ្ធតែនឹងទទួលបានការការពារពីរដ្ឋាភិបាលចិន៕