(ប៉េកាំង)៖ ចិនបានសម្រេចឈប់ទិញប្រេងពីអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសលែងបន្តផ្តល់ការអនុគ្រោះ ដែលធ្លាប់បានអនុញ្ញាតឲ្យប្រទេសធំៗមួយចំនួន នៅតែអាចនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ដោយពុំជាប់ទណ្ឌកម្មរបស់អាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអាមេរិក Wall Street Journal នៅរសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
បើតាមកាសែត Wall Street Journal លោក រ៉ាហ៊ីម ហ្សែរ (Rahim Zare) ដែលជាសមាជិកក្នុងគណកម្មការសេដ្ឋកិច្ចនៃសភាអ៊ីរ៉ង់ ចិន ក្រិច ឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងតួកគី ដែលពីមុនមកទទួលបានការអនុគ្រោះពីទណ្ឌកម្មអាមេរិក បានទិញប្រេងអ៊ីរ៉ង់ក្នុងចំនួនសរុប ១.៦លានបារ៉ែលជារៀងរាល់ថ្ងៃ កាលពីខែមិថុនាកន្លងទៅ ប៉ុន្តែបានផ្អាកការនាំចូលហើយចាប់ពីពេលនេះទៅ។
គួរជម្រាបថា អតិថិជនប្រេងកំពូលៗចំនួន ០៨របស់ប្រទេសអ៊ីរ៉ង់ ត្រូវបានលើកលែងឲ្យបន្តទិញប្រេងអ៊ីរ៉ង់ជាបណ្តោះអាសន្ន នៅពេលសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងវិស័យ ដ៏សំខាន់នេះរបស់ទីក្រុងតេហេរ៉ង់កាលពីឆ្នាំមុន។ ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០១៩ សេតវិមានបានប្រកាសថា អាមេរិកនឹងបញ្ឈប់ផ្តល់ការអនុគ្រោះនេះទៀតហើយ ព្រោះខ្លួនមានគោលដៅកាត់បន្ថយកម្រិត នៃការនាំចេញប្រេងរបស់អ៊ីរ៉ង់ឲ្យដល់សូន្យតែម្តង៕