(បាកដាដ)៖ បុរសជាជនជាតិបារាំង០៤នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ដោយតុលាការមួយនៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីត្រូវបានរកឃើញថា មានទោសពីបទចូលជាសមាជិកនៃក្រុមភេរវករ ISIS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
បុរសជាជនជាតិបារាំងទាំង០៤នាក់រួមមានឈ្មោះ Kevin Gonot, Leonard Lopez, Salim Machou, និង Mustapha Merzoughi ដោយ Gonot, Lopez, និង Machou ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយជន Merzoughi ត្រូវបានផ្តន្ទាទោសនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ពួកគេទាំង០៤ ស្ថិតក្នុងចំណោមជនជាតិបារាំងទាំងសរុបចំនួន១២នាក់ ត្រូវបានចាប់ខ្លួននៅស៊ីរី ហើយប្រគល់បន្តមកឲ្យអ៊ីរ៉ាក់ ខណៈអ្នកទាំងនេះ គឺជាក្រុមជនសង្ស័យជាពួក ISIS ដំបូងគេ មកពីបារាំង ដែលនឹងត្រូវកាត់ទោសប្រហារជីវិត។
គួរជម្រាបថា មូលហេតុដែលក្រុមជនសង្ស័យជាភេរវករ ISIS ត្រូវបានប្រគល់ឲ្យតុលាការអ៊ីរ៉ាក់កាត់ទោស គឺដោយសារតែប្រទេសអ៊ីរ៉ាក់បានស្នើទទួលយកសមាជិកភេរវករទាំងអស់ ដែលក្រុមអ្នកប្រយុទ្ធប្រជាធិបតេយ្យស៊ីរីចាប់ខ្លួនបាន នៅក្នុងប្រទេសស៊ីរី មកធ្វើការកាត់ទោស៕