(អឺរ៉ុប)៖ សាស្ត្រាចារ្យមួយរូបនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Dresden បានអះអាងថា កាលពីអតីតកាលបើទោះបីជាសហភាពអឺរ៉ុប ជួបប្រទះនូវបញ្ហាអ្វីក៏ដោយ ទីក្រុងព្រុចសែល នៅជាអាជ្ញាកណ្តាលដើម្បីដោះស្រាយបញ្ហា តាមរយៈការអំពាវនាវឲ្យសមាជិកទាំងអស់ បង្កើនការសហការគ្នា ហើយបច្ចុប្បន្ននេះទីក្រុងព្រុចសែល ក៏នៅតែប្រើវិធីសាស្ត្ររបស់ខ្លួន ដដែលដែរ ប៉ុន្តែពេលនេះតែម្តងអ្វីៗគឺមិនដូចមុននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នាយប់ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យខាងលើ គឺបណ្ឌិត Werner Patzelt បានប្រាប់ RT យ៉ាងដូច្នេះថា «ពេលនេះអ្វីៗគឺខុសពីពេលមុន...។ នៅទូទាំងប្លុក (អឺរ៉ុប) ប្រជាជនយ៉ាងច្រើន មានអារម្មណ៍ថា វាដូចជាមានសមាហរណកម្មច្រើនពេកក្នុងអឺរ៉ុប ហើយវាត្រូវបានគ្រប់គ្រងច្រើនពេកដោយព្រុចសែល...។ អារម្មណ៍បែបនេះគឺជាអារម្មណ៍ដែល កំពុងប្រឆាំងអឺរ៉ុបខ្លួនឯង ហើយវាពិតជាកំពុងរីកធំឡើងៗ ដោយឈានទៅរកការបោះឆ្នោតគាំទ្រ បណ្តាគណបក្សស្តាំនិយម...»។
សាស្ត្រាចារ្យខាងលើក៏បានពន្យល់ផងដែរ អំពីដើមហេតុចម្បងនៃបញ្ហានេះ នោះគឺវិបត្តិជនភៀសខ្លួនយ៉ាងសន្ធឹកសន្ធាប់ ចូលមកកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ដែលពួកគេបានគេចចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កាលពីអំឡុងបដិវត្តន៍ផ្កាម្លិះ ហើយបណ្តាប្រទេសធំៗនៅអឺរ៉ុបកាលណោះ ពិតជាប្រទាញប្រទង់គ្នាខ្លាំងមែនទែនតែម្តង ខណៈប្រជាជនក្នុងប្លុកទាំងមូលមាន ការភ័យខ្លាច យ៉ាងខ្លាំងចំពោះភាពអសន្តិសុខ និងអំពើភេរវកម្មជាបន្តបន្ទាប់។
បើទោះបីជាទីក្រុងព្រុចសែលបានលើកឡើង កាលពីមុនការបោះឆ្នោតសភាអឺរ៉ុបថា វិបត្តិជនភៀសខ្លួនមិនមែនជាបញ្ហាសំខាន់ សម្រាប់បណ្តាអ្នកបោះឆ្នោតនៅអឺរ៉ុបទៀតក៏ដោយ ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុប គណបក្សអភិរក្សនិយមអូទ្រីសរបស់លោកអធិការបតី ជិតលាលែងពីតំណែងរបស់អូទ្រីសគឺលោក Sebastian Kurz បានសបញ្ជាក់ឲ្យឃើញថា ប្រជាជននៅសហភាពអឺរ៉ុបភាគច្រើននៅតែគិតថា បញ្ហាជនអន្តោប្រវេសន៍គឺធំធេងណាស់។ វាក៏ជាលទ្ធផលដែលបង្ហាញឲ្យឃើញ ពីនយោបាយដ៏ខ្លាំងក្លារបស់លោក Kurz ទៅលើបញ្ហាជនភៀសខ្លួនផងដែរ។ នេះបើតាមសម្តីសាស្ត្រាចារ្យ Patzelt។
ចំពោះការចាត់ទុកវិបត្តិជនភៀសខ្លួន ជាបញ្ហាចម្បងសម្រាប់អឺរ៉ុបនោះ មិនមែនត្រឹមតែលោក Kurz ដែលជាអ្នកនយោបាយវ័យក្មេងប៉ុណ្ណោះទេ ដោយសូម្បីតែអ្នកភិរក្សនិយមនៅអង់គ្លេស គឺលោក John Laughland និងគណបក្សស្តាំនិយមនៅអ៊ីតាលី ហុងហ្គារី និងប៉ូឡូញជាដើម ក៏មានទស្សនដូចគ្នាជុំវិញបញ្ហានេះដែរ ហេតុដូច្នេះទើបក្រុមបក្សស្តាំនិយម នៅតាមបណ្តាប្រទេសទាំងនេះ ទទួលបានសំឡេងគាំទ្រយ៉ាងច្រើន នៅពេលពួកគេព្យាយាមលើកឡើងអំពីនយោបាយ ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួន។
ចូលមកដល់ចំណុចនេះ សាស្ត្រាចារ្យ Werner Patzelt បានពន្យល់ថា លទ្ធផលនៃការបោះឆ្នោតសភាអឺរ៉ុប គឺដូចជាការលាតត្រដាងនូវការពិតដ៏មិនស្រណុកចិត្តមួយ សម្រាប់គណបក្សចាស់ទុំផ្នែកនយោបាយទាំងឡាយនៅអឺរ៉ុប ព្រោះអ្នកបោះឆ្នោតភាគច្រើនបាន បង្ហាញការមិនពេញចិត្ត ចំពោះស្ថានភាពបច្ចុប្បន្ននេះ។ គណបក្សសេរីនិយម និងគណបក្សសកម្មនិយមនានា កំពុងបោះពួយទៅដណ្តើមសំឡេងគាំទ្រកាន់តែខ្លាំងឡើង។
បន្ថែមពីខាងលើនេះទៀត គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) lដែលធ្លាប់តែល្បាញល្បីនៅអាល្លឺម៉ង់ បានរបូតសំឡេងគាំទ្រទៅកាន់គណបក្ស ឆ្វេងនិយម Greens ខណៈគណបក្សប្រជាធិបតេយ្យគ្រីស្ទាន ( Christian Democrats) បានបាត់សំឡេងគាំទ្រ ដោយធ្លាក់ទៅលើគណបក្សស្តាំនិយមមួយមានឈ្មោះថា ជម្រើសសម្រាប់អាល្លឺម៉ង់ (Alternative for Germany)។
សរុបសេចក្តីមក សាស្ត្រាចារ្យ Werner Patzelt ចង់បញ្ជាក់ថា ប្រជាពលរដ្ឋនៅអឺរ៉ុបកាន់តែ ច្រើនឡើងមានការធុញទ្រាន់ទៅនឹង «លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ» ព្រោះគណបក្ស ជាច្រើននៅតាមបណ្តាប្រទេសអឺរ៉ុប បានបង្ហាញលក្ខណៈចេញមកដូចគ្នាស្ទើរបេះបិត។ គណបក្សខ្លះទៀតមើលទៅហាក់ដូចជា ព្យាយាមប្រឆាំងគ្នា និងជំទាស់មតិគ្នាយ៉ាងខ្លាំង ប៉ុន្តែធាតុពិតពួកគេបានព្រមព្រៀងគ្នាពីក្រោយខ្នង រួចជាមុនទៅហើយ ហេតុដូច្នេះទើបគណបក្សស្តាំនិយមជាច្រើន បានដណ្តើមយកប្រជាប្រិយភាពវិញ ដែលមិនធ្លាប់កើតមានពីមុនមក៕