(ប៉េកាំង)៖ កាសែតរដ្ឋចិននាថ្ងៃពុធនេះបានចេញផ្សាយអត្ថបទមួយ ដែលជាការព្រមានទៅសហរដ្ឋអាមេរិកថា ប្រទេសចិនបានត្រៀមលក្ខណៈរួចស្រេច ដើម្បីប្រើប្រាស់ធនធានរ៉ែកម្ររបស់ផែនដី ដែលគេហៅថា Rare Earth ដើម្បីទៅតតាំងក្នុងសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់រោងចក្រកែច្នៃធនធាន Rare Earth ដ៏ធំបំផុតនៅក្នុងប្រទេសកាលពីសប្តាហ៍មុន បានបង្កឲ្យមានការសង្ស័យថា ចិនអាចនឹងប្រើប្រាស់គោលជំហរដែលមានប្រៀបរបស់ខ្លួន គឺក្នុងនាមជាអ្នកផ្គត់ ផ្គង់ធំជាងគេនៃធនធានដ៏សំខាន់នេះ (៩០%លើពិភពលោក) ដើម្បីធ្វើជាអាវុធមុតស្រួចមួយ នៅក្នុងជម្លោះវិស័យពាណិជ្ជកម្មជាមួយអាមេរិក។
ខណៈដែលទីក្រុងប៉េកាំងផ្ទាល់មិនទាន់ឃើញចេញមុខនិយាយចំៗថា ខ្លួននឹង ដាក់កំហិតលើការនាំចេញធនធាន Rare Earth ទៅកាន់សហរដ្ឋអាមេរិកនៅឡើយទេនោះ កាសែតរដ្ឋចិនរួមមាន People's Daily បានលើកឡើងនៅក្នុងបទវិចារណកថាមួយរបស់ខ្លួនថា រឿងនេះនឹងកើតឡើង ហើយអាមេរិកកុំមើលងាយមសមត្ថភាពតបតរបស់ចិន ទៅកាន់ភាពអយុត្តិធម៌កន្លងមកឲ្យសោះ។
ដោយរំលេចពីការពឹងផ្អែកយ៉ាងធំធេងរបស់អាមេរិក មកលើធនធាន Rare Earth របស់ចិន People's Daily បានបន្តថា «តើធនធាន Rare Earth នឹងអាចក្លាយជាអាវុធសម្រាប់ឲ្យចិនវាយបក ប្រឆាំងនឹងការដាក់សម្ពាធគ្មានហេតុផល របស់អាមេរិកដែរ ឬយ៉ាងណា? ចម្លើយគឺគ្មានអ្វីជាអាថ៌កំបាំងឡើយ។ មិនបាច់សង្ស័យនោះទេ អាមេរិកចង់ប្រើប្រាស់ផលិតផល ដែលបង្កើតឡើងពីធនធាន Rare Earth មកប្រឆាំង និងដាក់សម្ពាធលើការអភិវឌ្ឍរបស់ចិន ខណៈប្រជាជាតិចិននឹងមិនអាចទទួលយកទង្វើបែបនេះជាដាច់ខាត»។
កាសែតរដ្ឋចិនបានបន្ថែមថា «ទំនាក់ទំនងឧស្សាហកម្មរវាងចិន និងសហរដ្ឋអាមេរិក មានភាពប្រទាក់ក្រឡាគ្នាជាខ្លាំង និងបំពេញគ្នាទៅវិញទៅមក ដូច្នេះវានឹងគ្មាននរណាណាឈ្នះ នៅក្នុងសង្រ្គាមពាណិជ្ជកម្មឡើយ។ ដូច្នេះយើងណែនាំឲ្យអាមេរិក កុំមើលស្រាលមកលើ សមត្ថភាពរបស់ចិនក្នុងការប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍នៃការអភិវឌ្ឍរបស់ខ្លួន ហើយកុំនិយាយថា ពួកយើងមិនបានព្រមានទុកមុនឲ្យសោះ»។
គួរជម្រាបថា ធនធាន Rare Earth គឺជាក្រុមធាតុកម្រសរុបចំនួន ១៧ ដែលគេប្រើប្រាស់ក្នុងការផលិតចេញជារបស់ជាច្រើន រួម មានទាំងឧបករណ៍អេឡិចត្រូនិចទំនើបៗ និងបរិក្ខាយោធាព្រមទាំងសព្វាវុធជាដើម។ កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៧ ចិនទទួលបន្ទុកដល់ទៅប្រមាណជា ៨០ភាគរយ នៃធនធាន Rare Earth ដែលត្រូវបាននាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយ ខណៈផលិតផលចិនទំហំរាប់ពាន់លានដុល្លារ ត្រូវបានអាមេរិកឡើងពន្ធនាំចូលធនធាននេះ រួមជាមួយធនធានសំខាន់ៗមួយចំនួន ផ្សេងទៀតរបស់ចិនមិនស្ថិតក្នុងចំណោមនោះឡើយ៕