(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អង់គ្លេសមិនត្រូវបង់ថ្លៃលែងលះ ៥០ពាន់លានដុល្លារឱ្យសហភាពអឺរ៉ុបនោះទេ បើសិនជាទីក្រុងព្រុចសែលមិនព្រមផ្ដល់អ្វីដែលអង់គ្លេស ចង់បាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sunday Times ក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានលើកឡើងដូច្នេះថា៖«អង់គ្លេសត្រូវតែ ចាកចេញពីសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ...ហើយបើសិនជាអង់គ្លេសមិនអាចទទួលបានអ្វីដែលខ្លួនចង់ បានទេ ពួកគេគួរតែដើរចេញពីកិច្ចប្រជុំស្ដីពី Brexit ពោលគឺនិយាយឱ្យចំ បើសិនខ្ញុំជាពួកគេវិញ ខ្ញុំនឹងមិនបង់ថ្លៃលែងលះ៥០ពាន់លានដុល្លារឡើយ»។
គួរជម្រាបថា កិច្ចសម្ភាសន៍របស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវ បំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអង់គ្លេស នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយនេះ៕