(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងលក់យន្ដហោះដ្រូន ស៊ើបការណ៍៣៤គ្រឿង ឱ្យសម្ព័ន្ធមិត្តអាមេរិកចំនួន៤ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិកស្ដីទី លោក Patrick Shanahan បាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិន អាចអត់ធ្មត់នឹងអាកប្បកិរិយារបស់ចិននៅក្នុងតំបន់អាស៊ីបានទៀតនោះទេ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងលក់យន្ដហោះដ្រូន ScanEagle ៣៤គ្រឿង ឱ្យ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ក្នុងតម្លៃសរុបជាង៤៧លានដុល្លារ។ ការ លក់យន្ដហោះដ្រូនទាំងនេះ ក៏មានរួមបញ្ចូលផងដែរការបណ្ដុះបណ្ដាល បច្ចេកទេស និងសេវាកម្ម ថែទាំងជាដើម។
គួរបញ្ជាក់ថា ក្នុងចំណោមយន្ដហោះដ្រូនទាំង៣៤គ្រឿងខាងលើ ម៉ាឡេស៊ីនឹងចំណាយប្រាក់ ១៩លានដុល្លារទិញចំនួន១២គ្រឿង រីឯឥណ្ឌូណេស៊ីនឹងទិញ៨គ្រឿង, ហ្វីលីពីន៨គ្រឿង និងវៀតណាមនឹងទិញ៦គ្រឿង៕