(ទ្រីប៉ូលី)៖ មនុស្សសរុបកើនដល់ ៦០៧នាក់ហើយដែលបានបាត់បង់ជីវិត និងប្រមាណ ៣,២៦១នាក់បានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលី នៃប្រទេសលីប៊ី ដែលបានអូសបន្លាយអស់ជាច្រើនខែមកហើយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
បើតាមរបាយការណ៍អាប់ដេតចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែជម្លោះប្រដាប់អាវុធ នៅក្នុងក៏ដូចជាតាមជាយក្រុងទ្រីប៉ូលី នៅពេលនេះគឺ ៦០៧នាក់ ក្នុងនោះមានជនស៊ីវិល ៤០នាក់ ខណៈអ្នករបួសគឺ ៣,២៦១នាក់ រួមមានជនស៊ីវិលស្លូតត្រង់ ១១៧នាក់។
គួរជម្រាបថា ការប្រយុទ្ធគ្នាខាងលើបានផ្ទុះឡើង ចាប់តាំងតែពីកងទ័ពលីប៊ីភាគខាងកើត ដឹកនាំដោយលោក ខាលីហ្វា ហាហ្វតា (Khalifa Hafta) បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ កាលពីដើមខែមេសាកន្លងទៅ ជាមួយគោលដៅវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ីភាគខាងលិច ដែលគាំទ្រដោយអង្គការសហប្រជាជាតិ៕