(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នៅថ្ងៃអង្គារនេះ បានប្រកាសជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី បើទោះបីជាមានការគំរាមកំហែងដាក់ទណ្ឌកម្មយ៉ាងណាក៏ដោយពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បានលើកឡើងថា តួកគីនិងរុស្ស៊ីមានកិច្ចព្រមព្រៀងត្រឹមត្រូវជាមួយគ្នា ហើយតួកគីក៏មានការប្តេជ្ញារបស់ខ្លួនដែរ ដូច្នេះតួកគីនឹងមិនបោះជំហានថយក្រោយ ចេញពីកិច្ចព្រមព្រៀងនេះជាដាច់ខាត។
ទាក់ទិននឹងបញ្ហានេះ ទីក្រុងវ៉ាស៊ីនតោន មានក្តីព្រួយបារម្ភថា ប្រព័ន្ធមីស៊ីល S-400 នៅក្នុងទឹកដីតួកគី អាចស្រូបយកការណ៍សម្ងាត់ផ្នែកប្រព័ន្ធបច្ចេកវិទ្យានៃយន្តហោះចម្បាំងដ៏ទំនើប F-35 ដែលទីក្រុងអង់ការ៉ាចង់ទិញយកពីអាមេរិក ហើយអាមេរិកក៏បានព្រមានដាក់ទណ្ឌកម្មកម្រិតធ្ងន់មកលើតួកគីផងដែរ ប្រសិនបើតួកគីនៅតែមិនព្រមបោះបង់ចោលកិច្ចព្រមព្រៀងជាមួយរុស្ស៊ី។
គួរជម្រាបថា លោក Erdogan និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបមុខគ្នានាពេលខាងមុខ ក្នុងខែមិថុនានេះ អំឡុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯប្រទេសជប៉ុន ខណៈបញ្ហាទិញប្រព័ន្ធមីស៊ីល S-400 ទំនងនឹងក្លាយជាប្រធានបទសំខាន់មួយ នៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ៕