(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គឺលោក ធីម ឃុក (Tim Cook) បានបញ្ជាក់ថា ចិនពុំបានដាក់គោលដៅវាយប្រហារមកលើក្រុមហ៊ុនរបស់លោក ដោយសារតែបញ្ហាជម្លោះពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងការផ្តល់បទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CBS News លោក Cook បានលើកឡើងដូច្នេះថា «មកទល់ពេលនេះ គឺគ្មានការដាក់គោលដៅវាយប្រហារណាមួយ ពីសំណាក់ទីក្រុងប៉េកាំងឡើយ ហើយខ្ញុំក៏មិនជឿថាវានឹងកើតនាពេលខាងមុខនោះដែរ បើនិយាយឲ្យត្រង់ទៅ»។ លោក Cook បានបញ្ជាក់បែបនេះបន្ទាប់ត្រូវចោទគេសួរថា តើក្រុមហ៊ុន Apple បានក្លាយជាមុខព្រួញវាយប្រហារ នៅក្នុងសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិនដែរ ឬយ៉ាងណា។
គួរជម្រាបថា នៅចំពោះមុខភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលអាមេរិកចាត់ទុកជាការគំរាមកំហែងមួយ ដល់សន្តិសុខជាតិរបស់ខ្លួនមានការសង្ស័យថា ចិនអាចនឹងសងសឹកអាមេរិកតាមរយៈការ ហាមនាំចូលផលិតផលរបស់ Apple ជាពិសេសគឺ iPhone ដែលបើតាមការវិភាគ គឺនឹងអាចធ្វើឲ្យក្រុមហ៊ុន Apple បាត់បង់ប្រាក់ចំណេញស្ទើរ ៣០ភាគរយ។
យ៉ាងណាមិញលោក រិន ចេងហ្វៃ (Ren Zhengfei) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានថ្លែងថា លោកនឹងជាបុគ្គលដំបូងគេ ដែលចេញមុខជំទាស់ ប្រសិនបើទីក្រុងប៉េកាំងសងសឹកអាមេរិក តាមរយៈការចេញបម្រាមលើផលិតផលរបស់ក្រុមហ៊ុន Apple ព្រោះបិតាស្ថាបនិក Huawei បានចាត់ទុកក្រុមហ៊ុន Apple ជាគ្រូរបស់លោក ដែលក្រុមហ៊ុន Huawei បានរៀនសូត្រច្រើនពីភាពជោគជ័យរបស់ Apple នាប៉ុន្មានទសវត្សរ៍មកនេះ៕