(អាហ្សែបៃហ្សង់)៖ អាកាសចរណ៍អាហ្សាល់ (Azal) នៃប្រទេសអាហ្សែបៃហ្សង់ បានសម្រេចលុបចោលកិច្ចព្រមព្រៀងតម្លៃ ១ពាន់លានដុល្លារ ក្នុងការបញ្ជាទិញយន្តហោះ ប្រភេទ 737 MAX របស់ក្រុមហ៊ុនអាមេរិក Boeing ក្រោយពីអាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានចេញរបាយការណ៍ស៊ើបអង្កេតជាបឋមថា ផ្នែកស្លាបរបស់យន្តហោះប្រភេទនេះ ដែលត្រូវបានផលិតរួចទៅហើយចំនួនជាង ៣០០គ្រឿងទំនងជាមានបញ្ហា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
ការចេញផ្សាយព័ត៌មានខាងលើនេះ ក៏ស្របនឹងសេចក្តីរាយការណ៍ពី Boeing ផងដែរថា ចាប់តាំងពីការផ្អាកធ្វើប្រតិបត្តិការនៃយន្តហោះប្រភេទ Boeing 737 MAX នៅទូទាំងពិភពលោក ក្រោយពីការធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី និងអេត្យូពី ដែលបានសម្លាប់មនុស្ស ៣៤៦នាក់នោះ គ្មានអាកាសចរណ៍បរទេសណា ឬសូម្បីតែក្នុងស្រុក បានបញ្ជាទិញយន្តហោះប្រភេទនេះទៀតឡើយ ខណៈវាជាប្រភេទ យន្តហោះស៊េរីថ្មី ដែលបានបំបែកកំណត់ត្រាលក់ដាច់បំផុត ក្នុងប្រវត្តិសាស្ត្រលក់របស់ Boeing រួចទៅហើយនោះ។
គួរបញ្ជាក់ថា ការលុបចោលកិច្ចព្រមព្រៀងទិញ Boeing 737 MAX ចំនួន ១០គ្រឿង ពីសំណាក់អាកាសចរណ៍អាហ្សែបៃហ្សង់ខាងលើនេះ គឺស្ថិតក្រោមហេតុផលព្រួយបារម្ភអំពី សុវត្ថិភាព ខណៈដែលបញ្ហាជាក់លាក់នៃយន្តហោះប្រភេទនេះ នៅតែមិនទាន់បង្ហាញចេញនោះ។ ដោយឡែកកាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Boeing ក៏បានរំពឹងផងដែរថា ការស៊ើបអង្កេតនឹង ឆាប់បញ្ចប់ ហើយរាល់យន្តហោះ 737 MAX ទាំងអស់នឹងអាចដំណើរការឡើងវិញ នៅចុងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ ការទទួលរងពាក្យបណ្តឹងពីអតិថិជន និងជនរងគ្រោះ ឬក៏យ៉ាងណានោះ ត្រូវរង់ចាំលទ្ធផលផ្លូវការនៃការស៊ើបអង្កេត ដោយអាជ្ញាធរអាមេរិកជាមុនសិន៕