(ឆែក)៖ ប្រជាជនឆែកជាង០១សែននាក់ នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅប្រទេសឆែក) បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យនាយករដ្ឋមន្រ្តីរបស់ខ្លួន គឺលោក Andrej Babis ចុះចេញពីតំណែង ដោយសារតែរឿងទំនាស់ផលប្រយោជន៍ ពាក់ព័ន្ធអតីតមុខជំនួញដ៏ធំរបស់លោក បូករួមនិងការស៊ើបអង្កេតមួយទាក់ទិនមូលនិធិបានមកពីសហភាពអឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។
បើតាមការប៉ាន់ស្មាន់របស់អ្នករៀបចំសកម្មភាពធ្វើបាតុកម្ម គឺមានអ្នកចូលរួមដល់ទៅប្រមាណ១២០,០០០នាក់ នៅឯទីលាន Wenceslas ដែលស្ថិតចំកណ្តាលរដ្ឋធានី Prague។ ការតវ៉ាប្រឆាំងនឹងការដឹកនាំរបស់ លោក Babis បានចាប់ផ្តើមដំបូង កាលពីចុងខែមេសាកន្លងទៅ បន្ទាប់ពីប៉ូលិសឆែកបានបញ្ចប់ការស៊ើបអង្កេតលើករណីថា តើនាយករដ្ឋមន្រ្តីរូបនេះ ទទួលបានមូលនិធិចំនួន០២លានដុល្លារពីសហភាពអឺរ៉ុប ដោយខុសច្បាប់ដែរឬក៏អត់ កាលពីមួយទសវត្សរ៍មុន ហើយប៉ូលិសបានឲ្យអនុសាសន៍ថា លោក Babis គួរតែត្រូវឡើងសវនាការ។ ចលនានេះកាន់តែរីកធំឡើងថែមទៀត បន្ទាប់មានការលេចធ្លាយថា លោក Babis នៅមានទំនាស់ផលប្រយោជន៍ជាមួយអតីតមុខជំនួញរបស់លោក គឺក្រុមហ៊ុនកសិកម្មនិងចំណីអាហារដ៏ធំមួយនៅក្នុងប្រទេសហៅថា Agrofert។
គួរជម្រាបថា យោងតាមទស្សនាវដ្តី Forbes លោក Babis ជាប់ឈ្មោះអ្នកជនជាតិឆែកមានស្តុកស្តមជាងគេលំដាប់ថ្នាក់លេខពីរ ជាមួយទ្រព្យសម្បត្តិ៣.៧ពាន់លានដុល្លារ៕