(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ និងជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ គឺលោក អាភីស៊ីត វែចាជីវ៉ា (Abhisit Vejjajiva) នាថ្ងៃពុធនេះបាន ប្រកាសលាលែងពីតួនាទីជាតំណាងរាស្រ្តតែម្តង ដោយលោកលើកហេតុផលថា លោកមិនអាចក្បត់ពាក្យសន្យា ហើយធ្វើតាមការសម្រេចរបស់គណបក្សលោក ទៅគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

ជាមួយគ្នានេះលោក Abhisit ក៏បានសម្តែងការសូមទោសផងដែរ ចំពោះប្រជាជនថៃរាប់លាននាក់ ដែលបានគាំទ្រគណបក្សលោក។ លោក Abhibist បាននិយាយថា កាលលោកនៅជាប្រធានគណបក្ស មុនការបោះឆ្នោតសកលខែមេសាលោកបានសន្យាថា គណបក្សប្រជាធិបតេយ្យនឹងមិនគាំទ្រលោក ប្រាយុទ្ធ ជានាយករដ្ឋមន្រ្តីថ្មីដាច់ខាត ហើយប្រជាជនថៃខ្ទង់ ០៤លាននាក់ ក៏បានបោះឆ្នោតឲ្យគណបក្សលោក ដោយពួកគេបានដឹងពីគោលជំហរនេះ។

លោក Abhisit បាននិយាយដូច្នេះថា «ខ្ញុំមិនអាចទៅចូលរួមកិច្ចប្រជុំសម្រេច ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនាថ្ងៃពុធនេះ ឬក៏បោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចគណបក្សខ្ញុំឡើយ តែខ្ញុំមិនអាចបោះឆ្នោតគាំទ្រលោក ប្រាយុទ្ធ តែម្តងព្រោះវានឹងមានន័យថា ខ្ញុំក្បត់ពាក្យសន្យាខ្លួនឯងជាមួយប្រជាជន។ ថ្ងៃនេះគឺខ្ញុំមានជម្រើសតែមួយគត់ គឺការពារសេចក្តីថ្លៃថ្នូររបស់ខ្ញុំ និងរបស់គណបក្សខ្ញុំ ហើយក៏មិនក្បត់ពាក្យសន្យាដែរ»

គួរជម្រាបថា កាលពីយប់ថ្ងៃអង្គារម្សិលមិញ គណបក្សប្រជាធិបតេយ្យ បានសម្រេចចូលរួមជាមួយសហព័ន្ធគណបក្ស ដែលដឹកនាំដោយគណបក្សគាំទ្រ រដ្ឋាភិបាលយោធាថៃ ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែលមានលោក ប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ចំណែកឯគូប្រជែងរបស់លោក គឺប្រធានគណបក្សអនាគតឆ្ពោះទៅមុខ (Future Forward) ដែលត្រូវបានសម្ព័ន្ធគណបក្ស ប្រឆាំងរបបយោធាដឹកនាំដោយបក្សភឿថៃ លើកជាបេក្ខភាពនាយករដ្ឋមន្រ្តី។

នាថ្ងៃពុធនេះសភាតំណាងរាស្រ្ត និងព្រឹទ្ធសភានៃប្រទេសថៃ នឹងបោះឆ្នោតសម្រេចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីហើយ ដែលអាចនឹងចេញលទ្ធផលនៅក្នុងពេលឆាប់ៗ៕