(ទ្រីប៉ូលី)៖ មនុស្សសរុបកើនដល់៦៥៣នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រមាណ៣,៥៤៧នាក់បានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុងទ្រីប៉ូលី នៃប្រទេសលីប៊ី ដែលបានអូសបន្លាយអស់ប៉ុន្មានខែមកហើយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
បើតាមរបាយការណ៍អាប់ដេតចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារតែជម្លោះប្រដាប់អាវុធ នៅក្នុងក៏ដូចជាតាមជាយក្រុងទ្រីប៉ូលី នៅពេលនេះគឺ ៦៥៣នាក់ ក្នុងនោះមានជនស៊ីវិល៤១នាក់ ខណៈអ្នករបួសគឺ៣,៥៤៧នាក់ រួមមានជនស៊ីវិលស្លូតត្រង់ ១២៦នាក់។
គួរជម្រាបថា ការប្រយុទ្ធគ្នាខាងលើបានផ្ទុះឡើង ចាប់តាំងតែពីកងទ័ពលីប៊ីភាគខាងកើត ដឹកនាំដោយលោក ខាលីហ្វា ហាហ្វតា (Khalifa Hafta) បានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំមួយ កាលពីដើមខែមេសាកន្លងទៅ ជាមួយគោលដៅវាយដណ្តើមយកទីក្រុងទ្រីប៉ូលី ដែលជាមូលដ្ឋានរបស់រដ្ឋាភិបាលលីប៊ីភាគខាងលិច ដែលគាំទ្រដោយអង្គការសហប្រជាជាតិ៕