(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) អាចនឹងពិភាក្សាគ្នាអំពីបញ្ហានៃការធ្វើពាណិជ្ជកម្ម បែបគាំពារនិយមរបស់សហរដ្ឋអាមេរិក រួមជាមួយនិងចំណាត់ការឆ្លើយតប ទៅនឹងសង្គ្រាមដំឡើងពន្ធដោយអាមេរិក មកលើប្រទេសយក្សទាំងពីរ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការទីក្រុងសៀងហៃហៅកាត់ថា SCO។ នេះបើតាមប្រភពពីអនុរដ្ឋមន្រ្តីការបរទេសចិន លោក ចាង ហានហ៊ុយ (Zhang Hanhui) ចេញ ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

លោក Zhang បានលើកឡើងដូច្នេះថា «ការធ្វើពាណិជ្ជកម្មបែបគាំពារនិយម និងគោលនយោបាយដែលគិតតែពីខ្លួនឯង កំពុងតែរីកដុះដាលឡើងខ្លាំង ហើយបញ្ហានៃការរិះរកវិធីសាស្រ្តឆ្លើយតបទៅនឹងសម្ពាធ និងពាណិជ្ជកម្មគាំពារនិយមរបស់អាមេរិក គឺមិនមែនមានសារសំខាន់តែចំពោះចិនប៉ុណ្ណោះ ដូច្នេះហើយមេដឹកនាំនៃប្រទេសទាំងពីរ (ចិន-ឥណ្ឌា) អាចនឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានេះ ហើយយើងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចឈានដល់ការឯកភាព យ៉ាងទូលំទូលាយមួយ ដើម្បីរួមប្រកាន់ខ្ជាប់នូវយុត្តិធម៌ និងតស៊ូប្រឆាំងជាមួយ ការធ្វើពាណិជ្ជកម្មបែបគាំពារនិយម»

គួរជម្រាបថា កិច្ចប្រជុំអន្តរជាតិ SCO នឹងត្រូវរៀបចំឡើងនៅរដ្ឋធានី ប៊ិសកិក (Bishkek) របស់ប្រទេស កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) នៅថ្ងៃទី១៣ និងទី១៤ ខែមិថុនានេះ។ វានឹងអាចក្លាយជាវេទិកាមួយ ដែលធ្វើឲ្យប្រទេសឥណ្ឌា និងចិន ស្វែងរកផ្លូវប្រសព្វគ្នាមួយ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ខណៈឥណ្ឌាក៏កំពុងរងបញ្ហា ដោយសារតែអាមេរិកដកការអនុគ្រោះពន្ធ ហើយចិនវិញគឺកំពុងធ្វើសង្គ្រាមដំឡើងពន្ធ ជាមួយអាមេរិកផ្ទាល់៕