(វ៉ាស៊ីនតោន)៖ មេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក នាយឧត្ដមសេនីយ ហ្វ្រេង ម៉ាខេនី (Frank McKenzie) បាននិយាយថា លោកនឹងស្នើឱ្យបន្តបង្កើនវត្តមានកងទ័ពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីដើរតួជាអ្នករក្សាស្ថេរភាព ទប់ទល់នឹងការគំរាមកំហែងពីអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

លោក McKenzie ធ្វើការកត់សម្គាល់ខាងលើនេះ នៅចំពោះមុខនាវិកអាមេរិកច្រើនជាង ៦,០០០នាក់ ដែលកំពុងបំពេញការងារនៅលើនាវាផ្ទុកយន្ដហោះចម្បាំង USS អាប្រាហាម លីងខុន (USS Abraham Lincoln)។ នាឱកាសនោះលោក McKenzie ក៏បានសង្កត់ធ្ងន់ដែរថា វត្តមានកងទ័ពអាមេរិកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា ស្ថេរភាពនៅក្នុងតំបន់។

ប៉ុន្តែព្រមពេលជាមួយគ្នា មេបញ្ជាការអាមេរិករូបនេះអះអាងដដែលថា អ៊ីរ៉ង់នៅតែ ជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់កងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិម ខណៈអ្នកជំនាញខ្លះយល់ថា អ៊ីរ៉ង់មិនហ៊ានបើកការវាយប្រហារណាមួយលើកងទ័ពអាមេរិក ដូចដែលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានចោទប្រកាន់នោះទេ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក McKenzie កើតមានឡើងនៅចំពេល អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបានបញ្ចេញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊េរីថ្មីមួយ ដែលមានសមត្ថភាពបាញ់កម្ទេចអាវុធបំបាំង ព្រមទាំងបំផ្លាញគោលដៅសត្រូវចំនួន០៦ ក្នុងរយៈពេលតែមួយទៀតផង៕