(វ៉ាស៊ីនតោន)៖ ហេតុការណ៍បាញ់ប្រហារគ្នាជាច្រើនករណី បានកើតឡើងនៅតាមរដ្ឋរបស់អាមេរិក កាលពីថ្ងៃអាទិត្យ ដែលសរុបមកបានផ្តាច់ជីវិតមនុស្ស ០៦នាក់ និងបង្កឲ្យមួយចំនួនទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។

នៅទីក្រុង ភីឡាឌែលព្យ៉ា (Philadelphia) នៃរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) សកម្មភាពបាញ់ប្រហារ ០៦ករណីបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្ស ០៨នាក់ទៀតរបួស។ ចំណែកនៅរដ្ឋ ហ្សកហ្ស៊ី (Georgia) វិញ មនុស្សពីរនាក់ ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះ ខណៈនៅឯទីក្រុង អាត្លង់តា (Atlanta) ដែល ជាទីក្រុងធំជាងគេបង្អស់របស់រដ្ឋ Georgia មនុស្សម្នាក់ត្រូវបានគេបាញ់ចំដើមទ្រូងស្លាប់ និងម្នាក់ទៀតរបួស។ រីឯនៅរដ្ឋ អូហៃយ៉ូ (Ohio) យុវជនវ័យ ១៨ឆ្នាំម្នាក់បានបាត់បង់ជីវិត ក្នុងករណីបាញ់ប្រហារគ្នា។

គួរជម្រាបថា នរណាក៏ដឹងដែរអំពីសេរីភាព នៃការប្រើប្រាស់កាំភ្លើងនៅក្នុងទឹកដីអាមេរិក ដោយសារតែមានការអនុញ្ញាតដោយច្បាប់។ យោង តាមតួលេខថ្មីចុងក្រោយរបស់អាជ្ញាធរអាមេរិក កាំភ្លើងបានឆក់យកជីវិតមនុស្សសរុប ៣៩,៧៧៣នាក់ កាលពីឆ្នាំ២០១៧ ដែលជាហេតុធ្វើកាលនោះ គឺជាឆ្នាំមានមនុស្សស្លាប់ច្រើនបំផុតដោយសារតែកាណុងកាំភ្លើង នៅសហរដ្ឋអាមេរិកគិតចាប់តាំងពីឆ្នាំ១៩៦៨ មក៕