(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្ហាញគំនិតសុទិដ្ឋិនិយមថាជំនួបកំពូលលើកទី៣ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងកើតឡើងនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ នេះបើតាមការ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។
លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងឱកាសនោះ លោក មូន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំជឿជាក់ថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងម្ដងទៀតនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ខណៈ កិច្ចសន្ទនានៅតែបន្តធ្វើឡើងរវាងប្រទេសទាំង២»។
គួរបញ្ជាក់ថា លោក មូន ជែអ៊ីន នឹងត្រូវជួបពិភាក្សាលើសំណុំរឿងកូរ៉េខាងជើងជាមួយ លោក ដូណាល់ ត្រាំ ដែល នឹងត្រូវបំពេញទស្សនកិច្ចមកកាន់កូរ៉េខាងត្បូង បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបញ្ចប់កិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុន នៅចុងខែមិថុនានេះ៕